(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០២១ នឹងឈានចូលសប្តាហ៍ទី៣ ហើយរវាងក្រុមម្ចាស់ផ្ទះអាសុីអឺរ៉ុប យូណាយធីត ទទួលភ្ញៀវកងយោធពលខេមរភូមិន្ទ នៅថ្ងៃ២៤ ខែមីនា ស្អែកនេះ នៅក្នុងទឹកដីនៃកីឡដ្ឋាន អេ.អុី.យូ ស្ពតផាគ នាម៉ោង ១៥៖៣០នាទីរសៀល ស្របពេលគូប្រកួតដទៃត្រូវបានប្រកាសលើកពេល ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈរីករាលដាលខ្លាំង។
ទាក់ទងទៅនឹងក្រុមអាសុីអឺរ៉ុប កាលពីសប្តាហ៍ទី១ កន្លងទៅ បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នៅក្នុងលទ្ធផល ៤-២ នៃទឹកដីកីឡដ្ឋាន គិរីវង់ដែលស្ថិតក្នុងខេត្តតាកែវ។ អាសុីអឺរ៉ុប ឆ្លងកាត់ ១ប្រកួតកន្លងមកចាញ់ មិនទាន់មានពិន្ទុរាប់នៅឡើយទេ ដោយឈរនៅលេខទី១២ បណ្តោះអាសន្នផងដែរ។
រីឯក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទវិញ កាលពីសប្តាហ៍ទី១ កន្លងទៅ បានលេងស្មើជាមួយក្រុមម្ចាស់ផ្ទះវិសាខា នៅក្នុងលទ្ធផល ០-០ នៃទឹកដីកីឡដ្ឋានព្រីនស៍ ដោយចែកគ្នាម្នាក់ ១ពិន្ទុ៕