(ភ្នំពេញ)៖ កូនស្រីទី៥ របស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ជាមួយតារាចម្រៀង វី ឌីណែត ដែលរកឃើញថា មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅនេះ។
តាមការបញ្ជាក់ពីកញ្ញា វី លីដា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា ប្អូនស្រីរបស់ខ្លួន មានឈ្មោះថា «វី ឌីណា» ដែលបច្ចុប្បន្នមានអាយុ២៧ឆ្នាំ ហើយកំពុងពពោះកូនក្នុងផ្ទៃជិត៨ខែនោះ ត្រូវបានធ្វើតេស្តសំណាករកឃើញថា មានវិជ្ជមានកូវីដ-១៩។
អ្នកនាង វី លីដា ដែលជាកូនស្រីរបស់លោក ហួរ ឡាវី បានបន្ថែមថា ប្អូនស្រីរបស់ខ្លួនគឺ វី ឌីណា បានឆ្លងជំងឺកូវីដ-១៩ ពីប្អូនស្រីម្នាក់ទៀត គឺតារាចម្រៀ វី ឌីណែត ខណៈបច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ក្រុមគ្រួសាររបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានគេដឹងថា បានវាយប្រហារដោយជំងឺកាចសាហាវកូវីដ-១៩ យ៉ាងខ្លាំង ខណៈភរិយារបស់លោក ទើបតែទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅថ្មីៗនេះ ដោយសារជំងឺកាចសាហាវកូវីដ-១៩។
ងាកមកកូនស្រីរបស់លោកវិញ នៅពេលនេះសរុប៣នាក់ហើយ បានឆ្លងជំងឺនេះនិងកំពុងសម្រាកព្យាបាល គឺតារាចម្រៀង វី ឌីណែត, កូនស្រីពៅរបស់លោក ហួរ ឡាវី និងអ្នកនាង វី ឌីណា៕