(ភ្នំពេញ)៖ ពីអ្នកយួរកន្រ្តកធ្វើក្រចកតាមផ្សារ ពេលនេះលោកស្រី យី វួចជូ បានវិវត្តន៍ខ្លួនទៅជា អ្នកជំនាញផ្នែករចនាក្រចកដ៏ប៉ិនប្រសព្វមួយរូប ដែលទើបតែទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតរចនាម៉ូតក្រចកលក្ខណៈអន្តរជាតិ «Canadian nail championship»។ សមិទ្ធផលនេះ បានធ្វើឲ្យលោកស្រី ជាប់ឈ្មោះថាជា ស្ត្រីកម្ពុជាដំបូង បង្ហាញភាពលេចធ្លោរផ្នែករចនាក្រចកទៅកាន់អន្តរជាតិ។
លោកស្រី យី វូចជូ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា លោកស្រីត្រូវបានគណៈកម្មការ ក្នុងកម្មវិធី ប្រកួតរចនាម៉ូតក្រចកលក្ខណៈអន្តរជាតិ «Canadian Nail Championship» ឆ្នាំ២០២១ របស់ប្រទេសកាណាដា ផ្តល់ចំណាត់ថ្នាក់ឲ្យទទួលបានលេខ១ ក្នុងចំណោមបេក្ខជនចូលរួមប្រកួត ដែលមានជំនាញផ្នែករចនាក្រចកជាច្រើនរូប មកពីបណ្តាប្រទេសជាច្រើនលើពិភពលោក។
ការប្រកាសលទ្ធផលនេះ ត្រូវបានធ្វើឡើង កាលពីរាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ ការទទួលបានសមិទ្ធផលថ្មីនៅពេលនេះ បានឆ្លុះបញ្ចាំងពីទេពកោសល្យ និងសមត្ថភាពរបស់ស្ត្រីខ្មែរ យី វួចជូ ឲ្យបរទេសបានស្គាល់កាន់តែច្បាស់ និងត្រូវបានមហាជនកោតសរសើរថា លោកស្រីមានសមត្ថភាពខ្លាំងផ្នែកច្នៃប្រឌិតមិនធម្មតា។
លោកស្រី យី វួចជូ បញ្ជាក់ថា កម្មវិធី ប្រកួតរចនាម៉ូតក្រចក «The Canadian Nail Championship» គឺជាការប្រកួតរចនាក្រចកច្នៃប្រឌិតបង្កើតថ្មី ដែលជាកម្មវិធីខ្នាតធំតាមបណ្តាញអនឡាញមួយ ដែលមានបេក្ខភាពចុះឈ្មោះចូលរួមប្រកួតជាច្រើនអ្នក មកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។
លោកស្រីថា ការឈ្នះបានពានពីកម្មវិធីនេះ គឺមានទាំងទឹកប្រាក់និងផលិតផល ដែលសរុប17000$ដុល្លារ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា អ្វីដែលមានទំហំធំជាងទឹកប្រាក់និងផលិតផលនោះ គឺជាការនាំយកកម្ពុជាឲ្យពិភពលោកបានស្គាល់និងដឹងថា កម្ពុជាក៏មានអ្នកជំនាញរចនាក្រចកដ៏មានទេពកោសល្យផងដែរ។
គួរជម្រាបថា ក្រោយពីទទួលបានសមិទ្ធផលដូចខាងលើ គឺមានបណ្តាសិស្សមកពីប្រទេសជាច្រើន មកចុះឈ្មោះចូលរៀនផ្នែករចនាម៉ូតក្រចកពីលោកស្រីជាបណ្តើរៗហើយ ដែលនេះជាមោទនភាពថ្មីមួយទៀតហើយសម្រាប់រូបលោកស្រីផ្ទាល់ជាពិសេសសម្រាប់សាលារបស់លោកស្រីដែលមានឈ្មោះថា «The Queen Nail»។
លោកស្រី ត្រូវបានគេដឹងថា ជានាយិការសាលាបង្រៀនរចនាម៉ូតក្រចក «Queen Nail» ដែលមានទីតាំងនៅរាជធានីភ្នំពេញ ហើយរហូតមកទល់នឹងពេលនេះ គឺមានសិស្សូចូលរៀនសរុបចន្លោះពី ៧០០ទៅ៨០០នាក់ហើយ។ ងាកមកកម្មវិធីដែលលោកស្រីទទួលបានសមិទ្ធផលដូចខាងលើ គឺជារដូវកាលទី២ហើយ ខណៈរដូវកាលទី១ កាលពីឆ្នាំ២០២០កន្លងទៅ ត្រូវបានធ្វើឡើងនៅកម្ពុជា ដែលមានសិស្សជំនាញផ្នែកក្រចកនេះដាក់ពាក្យចូលប្រឡងយ៉ាងច្រើន៕