(ភ្នំពេញ)៖ គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី (បុត្រសម្ព័ន្ធ លី ហួរ គ្រុប) និងក្រុមហ៊ុន រូ ស៊ីង ហ្គាម៉ែន បានចូលរួមឧបត្ថម្ភម៉ាសចំនួន ១លាន១០ម៉ឺនម៉ាស ជូនដល់ក្រសួង-ស្ថាប័នរដ្ឋ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ពិធីប្រគល់-ទទួលនូវម៉ាសជាង១លាននេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ត្រូវបានផ្តល់ជូនដល់ក្រសួង-ស្ថាប័នរដ្ឋ ចំនួន៦ ដែលរួមមាន៖ ក្រសួងបរិស្ថាន ចំនួន ១០០,០០០ម៉ាស, ក្រសួងយុត្តិធម៌ ចំនួន ១០០,០០០ម៉ាស, សហភាពសហព័ន្ធយុវជនខេត្តព្រៃវែង ចំនួន ១០០,០០០ ម៉ាស, កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២០០,០០០ម៉ាស, សាលារាជធានីភ្នំពេញ ចំនួន ៣០០,០០០ ម៉ាស និង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣០០,០០០ម៉ាស។

កញ្ញា ផាន់ សុនីតា នាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និងជាតំណាងលោក ឧកញ៉ាលី សុភ័ក្ភ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និងជាអនុប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង មានថ្លែងថា៖ «ការឧបត្ថម្ភម៉ាសចំនួន១លាន១០ម៉ឺនម៉ាសនេះ នឹងដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រយុទ្ឋប្រឆាំងការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា»

សូមបន្តការពារខ្លួនរបស់អ្នកពី ជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈវិធានការការពារជំងឺកូវីដ-១៩៖
៣ការពារ៖
១៖ ពាក់ម៉ាស
២៖ លាងដៃ
៣៖ រក្សាគម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)
៣កុំ៖
១៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង ម៉ាស៊ីនត្រជាក់ច្រើនពេក
២៖ កុំទៅកន្លែងមានមនុស្សច្រើន
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម

២ចូលរួម៖
១៖ ចូលរួមក្នុងយុទ្ឋនាការទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩
២៖ ប្រើ QR Code Stop Covid-19 ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩