(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានប្រកាសឱ្យដឹងថា ខ្លួនបានលុបចោលគណនីខ្លែងក្លាយប្រមាណជា ១.៣ពាន់លានគណនីចន្លោះ ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ និងបានប្រើប្រាស់មនុស្សប្រមាណ ៣៥០០០នាក់ ដើម្បីធ្វើកិច្ចការងារនេះ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
ជាមួយគ្នានោះផងដែរ បណ្ដាញសង្គមយក្ស និងធំជាងគេមួយនេះ ក៏បានលុបចោលនូវមាតិកា ទាក់ទងនឹងព័ត៌មានកូវីដ-១៩ រួមជាមួយព័ត៌មានវ៉ាក់សាំង ប្រមាណ ១២លានមាតិកា ដែលមាតិកាទាំងនោះត្រូវបាន អ្នកជំនាញខាង សុខភាពពិភពលោក បានអះអាងថា វាជា ព័ត៌មានមិនពិត។
ក្រុមហ៊ុន Facebook ក៏បានបញ្ជាក់ផងដែរថា ព័ត៌មានមិនពិតទាក់ទងនឹងកូវីដ-១៩ រួមជាមួយព័ត៌មានវ៉ាក់សាំង បានផ្សព្វផ្សាយពាសពេញ ពិភពលោក ហើយនៅលើបណ្ដាញសង្គមរបស់ខ្លួនក៏កើតមានច្រើនផងដែរ ហេតុនេះហើយទើបខ្លួនបានដាក់បន្ថែមនូវកម្លាំងមនុស្សដើម្បី ធ្វើការ ផ្ទៀងផ្ទាត់ទៅលើព័ត៌មានដែលបានចេញផ្សាយ ប៉ុន្តែវាត្រូវប្រើពេលវេលាយូរ។
គួរបញ្ជាក់ផងដែរថា នៅស្រុកខ្មែរ ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតទាក់ទងកូវីដ-១៩ រួមជាមួយព័ត៌មានវ៉ាក់សាំង ក៏កើតមានច្រើនផងដែរ រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើនដើម្បីទប់ស្កាត់ រហូតដល់ប្រើប្រាស់ផ្លូវច្បាប់ទៀតផង ប៉ុន្តែក៏នៅតែ ឃើញ មាននៅលើបណ្ដាញសង្គម Facebook ខណៈដែលក្រសួងសុខាភិបាលបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជឿជាក់ តែលើ Facebook Page របស់ក្រសួង និង ស្ថាប័នផ្សព្វផ្សាយព័ត៌មានធំៗដូចជា Fresh News ជាដើម៕