(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបហើយថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សួស វីហ្សា បានរកឃើញថាមានវិជ្ជមានកូវីដ១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ ខណៈស្វាមីរបស់នាងគឺ តារាសម្តែង ថមមី ទទួលបានលទ្ធផលថាអវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តលើកទី៣។ តែពេលនេះ សួស វីហ្សា បញ្ជាក់ថា ស្វាមីរបស់ខ្លួនអាចនឹងឈានដល់ការធ្វើតេស្តលើកទី៤ ខណៈបច្ចុប្បន្នកំពុងដាក់ខ្លួនឲ្យនៅដោយឡែកដដែល។

អំឡុងពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩, អ្នកនាង សួស វីហ្សា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា សម្រាប់អ្នកផ្ទះរបស់នាង គឺត្រូវបានយកសំណាកទៅធ្វើតេស្តទាំងអស់ ខណៈបច្ចុប្បន្នមិនទាន់ចេញលទ្ធផលទេ ដោយឡែកស្វាមីរបស់នាង គឺលោក ថមមី ត្រូវបានក្រុមគ្រូពេទ្យបន្តឲ្យនៅដាច់ដោយឡែកសិន ហើយអាចនឹងឈានដល់ការធ្វើតេស្តលើកទី៤។

អ្នកនាង សួស វីហ្សា បាននិយាយថា «ចា៎បង! សម្រាប់ប្តីខ្ញុំ ពេលតេស្តលើកទី៣ជាមួយខ្ញុំនឹងគឺគាត់អវិជ្ជមាន ប៉ុន្តែពេទ្យនៅឲ្យគាត់ឃុំខ្លួនសិន ដើម្បីតាមដានអាការៈ អាចនឹងឈានទៅដល់ការធ្វើតេស្តលើកទី៤ទៀត តែអីឡូវនេះ ឃើញថាគាត់អត់ទាន់មានអាការៈអីទេ»

តារាចម្រៀងរូបនេះ បានបន្ថែមថា «សម្រាប់កូនខ្ញុំ និងក្រុមគ្រួសារខ្ញុំទាល់តែថ្ងៃបន្តិចទៀតបានដឹងលទ្ធផល...»

គួរជម្រាបថា អ្នកនាង សួស វីហ្សា បានទៅពិនិត្យសំណាក ដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្ដែលុះដល់ការធ្វើតេស្ដលើកទី៣ ដែលចេញលទ្ធផលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បង្ហាញថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩តែម្ដង ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ Great Duke៕