(ភ្នំពេញ)៖ នៅមុននេះបន្តិចតារាចម្រៀង ប្រចាំក្នុងផលិតកម្មរស្មីហង្សមាស វី ឌីណែត បា នប្រកាសនៅក្នុងបណ្ដាញសង្គម Facebook របស់ខ្លួនថា នាងបានជាសះស្បើយហើយ ពីជំងឺដ៏កាចសាហាវកូវីដ-១៩ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាល អស់រយៈពេល១៤ថ្ងៃកន្លងមក។ ប៉ុន្តែទោះបីជានាងបានជាសះស្បើយពីជំងឺនេះក្ដី តារាចម្រៀង វី ឌីណែត ត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃបន្ថែមទៀត នៅឯសណ្ឋាគារសុខា។

កញ្ញា វី លីដា ជាបងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា ប្អូនស្រីរបស់ខ្លួន គឺកញ្ញា វី ឌីណែត ពិតជាបានជាសះស្បើយពីជំងឺកូវីដ-១៩ ពិតមែន ប៉ុន្តែពេលនេះ មិនបានធ្វើដំណើរមកសម្រាកក្នុងផ្ទះធម្មតានោះទេ ពោលគឺត្រូវធ្វើដំណើរទៅធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារសុខា រយៈពេល១៤ថ្ងៃបន្ថែមទៀត។

គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ក្រុមគ្រួសាររបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានមហាជនដឹងថា បានវាយប្រហារដោយជំងឺដ៏កាចសាហាវកូវីដ-១៩ យ៉ាងខ្លាំង ខណៈភរិយារបស់លោក ទើបតែទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅថ្មីៗនេះ ដោយសារជំងឺកាចសាហាវកូវីដ-១៩។ ងាកមកកូនស្រីរបស់លោកវិញ នៅពេលនេះសរុប៣នាក់ បានឆ្លងជំងឺនេះ។ ប៉ុន្តែនៅល្ងាចនេះតារាចម្រៀង វី ឌីណែត បានជាសះស្បើយ និងបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃទៀត នៅសណ្ឋាគារសុខា៕