(ក្រុងឡុងដ៍)៖ Gareth Bale បានបង្ហើបពីគម្រោងទៅលេងឲ្យក្លិបចាស់ Real Madrid សម្រាប់រដូវកាលក្រោយ ដ្បិតរូបគេត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspur ខ្ចិជើងរយៈពេលវែងក៏ដោយ។

ខ្សែបម្រើប្រយុទ្ធវ័យ ៣១ឆ្នាំខាងលើនេះនៅសល់កិច្ចសន្យារយៈពេល ១ឆ្នាំទៀតជាមួយ Real Madrid ពោលគឺនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខ នៅពេល Bale បានចូលរួមជាមួយក្លិបអេស្ប៉ាញនេះតាំងពីឆ្នាំ២០១៣ ក្រោយផ្ទេរចេញពីក្លិបអង់គ្លេស Tottenham Hotspur ក្នុងតម្លៃបំបែកកំណត់ត្រា ៨៥លានផោន។

ប្រធានក្រុមជម្រើសជាតិវ៉េល នឹងមានឈ្មោះលេងជម្រុះ FIFA World Cup 2022 ប្រចាំតំបន់អឺរ៉ុបទល់នឹងក្រុមបិសាចក្រហមប៊ែលហ្សិកនៅរាត្រីថ្ងៃពុធនេះពី ១ប្រកួតនៃវគ្គសន្សំពិន្ទុប្រចាំពូល A។

Gareth Bale បានថ្លែងក្នុងសន្និសីទថា «វាគ្មានភាពស្ទាក់ស្ទើរឡើយសម្រាប់ខ្ញុំក្នុងការវិលទៅកាន់ Real Madrid វិញដែលវាបានស្ថិតក្នុងគម្រោងស្រាប់។ មូលហេតុចំបងដែលខ្ញុំវិលមកក្លិប Spurs នាពេលនេះ គឺដើម្បីលេងបាល់ឲ្យបានជាប់លាប់ និងទម្រង់លេងល្អឡើងវិញតែប៉ុណ្ណោះ»