(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសពីកិច្ចសន្យាថ្មីជាមួយលោក Keisuke HONDA អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងសហការរីរបស់ខ្លួនជាផ្លូវការហើយ ដោយអតីតកីឡាករជម្រើសជាតិជប៉ុនខាងលើ នឹងបន្ដដឹកនាំក្រុមគោព្រៃកម្ពុជារហូតដល់ SEA Games ឆ្នាំ២០២៣។

យោងតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែមីនានេះបានបញ្ជាក់ថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke HONDA រួមជាមួយសហការីរបស់គាត់ បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងអាយុក្រោម ២៣ឆ្នាំ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ»

ផ្អែកលើការជូនដំណឹងនេះមានន័យថា លោក HONDA រួមទាំងសហការីដែលមានលោក Filex Dalmas ជាគ្រូបង្វឹក បានបន្ដកុងត្រាជិត ៣ឆ្នាំទៀត បន្ថែមលើកុងត្រាចាស់ ដែលផុតកំណត់កាលពីខែសីហា ឆ្នាំ២០២០ ដ្បិតបុរសវ័យ ៣៤ឆ្នាំខាងលើបានចុះកុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជាដំបូងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨៕