(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩នាពេលថ្មីៗនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានដាក់ចេញជាវិធានការជាបន្ទាន់និងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយតម្រូវឱ្យអតិថិជននិងបុគ្គលិកប្រាសាក់ទាំងអស់អនុវត្តយ៉ាងម៉ឺងម៉ាត់ «៣ ការពារ និង ៣ កុំ»។ ប្រាសាក់ បានបង្កើតបដា «៣ ការពារ និង ៣ កុំ» ដើម្បីផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក «PRASAC MFI» និងតាមការិយាល័យរបស់ខ្លួនប្រមាណជាជិត ២០០ ទីតាំងផងដែរ។

ទាំងអតិថិជន និងបុគ្គលិកប្រាសាក់ តម្រូវឱ្យប្រតិបត្តិ ៤ ចំណុចជាចាំបាច់មុនចូលក្នុងការិយាល័យប្រាសាក់ រួមមាន៖ ១. ស្កេន QR កូដ ទប់ស្កាត់មេរោគកូវីដ-១៩ , ២. ពាក់ម៉ាសឱ្យបានត្រឹមត្រូវ ៣. ពិនិត្យសីតុណ្ហភាព ៤. លាងដៃនឹងអាល់កុល ឬជែលលាងដៃ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព ផងដែរ។

ជាមួយគ្នានេះដែរ ប្រាសាក់ បានបិទផ្សាយប័ណ្ណប្រកាស «យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩» នៅលើទ្វារសាខា ទ្វារផ្ទះអេធីអឹម បញ្ជរបេឡា និងនៅលើតុបម្រើសេវាអតិថិជន ដើម្បីឱ្យអតិថិជនអាចស្កេនលេខកូដ QR បានយ៉ាងងាយស្រួល។ ប្រាសាក់ ក៏បានបិទស្ទីគ័រ វិធានការបង្ការការឆ្លងជំងឺកូវីដ-១៩ នៅតាមសាខារបស់ខ្លួន ដើម្បីបង្កើនការយល់ដឹងជូនអតិថិជនផងដែរ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា «យើងបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ឈប់ការរីករាលដាលថ្មីនៃជំងឺកូវីដ-១៩ ។ ប្រាសាក់ បានតម្រូវឱ្យអតិថិជននិងសាធារណជន អនុវត្តវិធានផ្នែកអនាម័យល្អ និងសុវត្ថិភាព ដូចជា ការត្រួតពិនិត្យវាស់ស្ទង់សីតុណ្ហភាពរបស់បុគ្គលិក និងអតិថិជនទាំងអស់មុននឹងចូលក្នុងអគារប្រាសាក់ ការលាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូឬអាល់កុលលាងដៃ ការពាក់ម៉ាស ការរក្សាគម្លាតនៃការប្រាស្រ័យទាក់ទង និងការសម្អាតការិយាល័យជាប្រចាំ។ យើងក៏បានផ្លាស់ប្តូរការប្រជុំ និងវគ្គបណ្តុះបណ្តាលពីការជួបផ្ទាល់ទៅជាអនឡាញ (Online) វិញ និងចាត់ចែងបុគ្គលិកមួយចំនួនឱ្យធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការជួបផ្ទាល់»

លោក សាយ សូនី បានលើកឡើងថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់អាចរួមគ្នាដើម្បីបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩ បានជាក់ជាមិនខាន។ ក្នុងពេលវេលាដ៏លំបាកនេះ តាងនាមឱ្យថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ប្រាសាក់ ខ្ញុំបាទសូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់ៗគ្នា។ សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ និងក្រុមគ្រួសារ។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទាំងអស់គ្នា»

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលប្រការនេះ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាបន្តបន្ទាប់ ឲ្យស្ថាប័នសាធារណៈ និងឯកជនចូលរួមអនុវត្ត ក្នុងគោលដៅការពារកូវីដ១៩នេះ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕