(ពិភពលោក)៖ អង្គការសហប្រជាជាតិ (UN) បានបង្កើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោក។ អង្គការនេះ មានស្ថានប័នសំខាន់ៗចំនួន ៦គឺមហាសន្និបាត លេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាសន្តិសុខ តុលាការអន្តរជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះ ស្ថាប័នលេខាធិការដ្ឋាន ត្រូវមានអគ្គលេខាធិការ ១រូបជាប្រធាន ដែលមានអាណត្តិ ៥ឆ្នាំ ជ្រើសតាំងដោយមហាសន្និបាត។

តើអ្នកដឹងទេ ហេតុអ្វីបានជាប្រមុខអង្គការសហប្រជាជាតិ មានឋានៈត្រឹមតែអគ្គលេខាធិការ? ចង់ជ្រាបច្បាស់ សូមឈ្វេងយល់អត្ថបទចំណេះដឹងទូទៅរបស់ Fresh News Plus ខាងក្រោមនេះ៖

បានជាឋានៈរបស់ប្រមុខអង្គការសហប្រជាជាតិ ត្រឹមតែអគ្គលេខាធិការ ព្រោះគេចង់បង្ហាញពីភាពស្មើគ្នានៃបណ្តាប្រទេសសមាជិកទាំងអស់។ យោងតាមគេហទំព័រផ្ទាល់ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្នុងគោលដៅភាពស្មើគ្នា, អគ្គលេខាធិការគឺជានិមិត្តរូបមួយ នៃឧត្តមគតិទាំងឡាយ នៅក្នុងអង្គការសហប្រជាជាតិ និងជាអ្នកនាំពាក្យមួយរូប សម្រាប់ផលប្រយោជន៍ទាំងអស់ របស់ប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះនៅក្នុងចំណោមនោះ។

ធម្មនុញ្ញអង្គការសហប្រជាជាតិ ពិពណ៌នាអំពីអគ្គលេខាធិការថាជា «ប្រធានរដ្ឋបាល» នៃអង្គការទាំងមូល ដែលត្រូវបំពេញមុខងារ និងអនុវត្តមុខងារផ្សេងទៀត ដែលត្រូវបានប្រគល់ឲ្យដោយក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាត ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម និងរចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិដទៃទៀត។ រដ្ឋធម្មនុញ្ញ ថែមទាំងផ្តល់អំណាចដល់អគ្គលេខាធិការ ដើម្បីជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់ចំពោះបញ្ហាណាមួយ ដែលអាចគំរាមកំហែងដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

* តើអគ្គលេខាធិការអង្គការសហប្រជាជាតិមានឈ្មោះអ្វីខ្លះ?

គិតចាប់ពីប្រសូត្រមកដល់ឆ្នាំ២០២១ អគ្គលេខាធិការអង្គការសហប្រជាជាតិ មានចំនួន ៩រូបហើយ គឺចាប់តាំងពីលោក ទ្រីវ លី ដល់លោក អាន់តូនីញ៉ូ គូតេរ៉េស។ អគ្គលេខាធិការទាំង ៩រូបនោះ រួមមាន៖

១៖ លោក ទ្រីវ លី (១៩៤៦-១៩៥២) ជាអគ្គលេខាធិការដំបូងបង្អស់ មានសញ្ជាតិន័រវ៉ែស ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៤៦ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥០ និងត្រូវបានតែងតាំងបន្ត ដល់ឆ្នាំ១៩៥២។
២៖ លោក ដាក់ហាំ ម៉ាសូល (១៩៥៣-១៩៦១) ជាតិស៊ុយអែត ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៦១។
៣៖ លោក អ៊ូ ថាន់ (១៩៦១-១៩៧១) ជាតិភូមា ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៦១។ លុះដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៦៦ លោកត្រូវបានបន្តតែងតាំង ជាអគ្គលេខាធិការ នៅអាណត្តិទី២ ដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧១។
៤៖ លោក ឃើត វ៉ាលហេម (១៩៧២-១៩៨១) ជាតិអូទ្រីស ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧២។ លោកត្រូវតែងតាំងនៅអាណត្តិទី២ នៅខែធ្នូ ឆ្នាំ១៩៧៦ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៨១។
៥៖ លោក សាវីយេ ប៉េរ៉េដឺគូអេឡា (១៩៨២-១៩៩១) ជាតិប៉េរូ ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៨២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩១។
៦៖ លោក ប៊ូ ត្រូស ប៊ូត្រូសកាលី (១៩៩២-១៩៩៦) ជាតិអេហ្ស៉ីប ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩២ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៦។
៧៖ លោក កូហ្វី អាណាន់ (១៩៩៧-២០០៦) ជាតិហ្កាណា ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ បញ្ចប់អាណត្តិទី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៦។
៨៖ លោក បាន គីមូន (២០០៧-២០១៦) ជាតិកូរ៉េ ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៧ និងបញ្ចប់អាណត្តិទី២ ឆ្នាំ២០១៦។
៩៖ លោក អាន់តូនីញ៉ូ គូតេរ៉េស ជនជាតិព័រទុយហ្កាល់ (២០១៧-) ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។

សូមជម្រាបថា ត្រឹមឆ្នាំ២០២១ យ៉ាងហោចណាស់មានប្រទេស និងដែនដីចំនួន២៥១ ដែលត្រូវបានគេស្គាល់។ ក្នុងនោះ ១៥៥ត្រូវបានទទួលស្គាល់ថាជាប្រទេស ហើយក្នុងចំណោមទាំង ១៥៥នេះទៀតសោត ប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ មានត្រឹមតែ ១៥៣ប៉ុណ្ណោះ ខណៈ ២ប្រទេសទៀត គឺ ហូលី ស៉ី (Holy See) និងរដ្ឋប៉ាឡេស្ទីន (State of Palestines) គ្រាន់តែជាប្រទេសសង្កេតការណ៍របស់អង្គការនេះ ពោលមិនមែនជាសមាជិកពេញសិទ្ធិឡើយ៕

មហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ

ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុង New York

អគ្គលេខាធិការអង្គការសហប្រជាជាតិ ទាំង ៩រូប

លោក អាន់តូនីញ៉ូ គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិបច្ចុប្បន្ន

ទង់ជាតិប្រទេសសមាជិក អង្គការសហប្រជាជាតិ