(ភ្នំពេញ)៖ ការជួយកុមារក្រីក្រ ឲ្យទទួលបានការសិក្សាដោយឥតគិតថ្លៃ និងការជួយសង់ផ្ទះ ឲ្យពលរដ្ឋគ្មានផ្ទះសម្បែង គឺជាអំពើល្អដែលជួយឲ្យអ្នកស្រី ផាន់ លក្ខិណា ត្រូវបានជ្រើសតាំងជាបេក្ខនារីមួយរូប ក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។

ឥឡូវនេះ អ្នកស្រីបានជាប់ជាបេក្ខនារីម្នាក់ ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើអ្នកស្រីត្រូវបានគេជ្រើសរើស ជាអ្នកទទួលជ័យលាភី អ្នកស្រីនឹងទទួលបានប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារ។

អ្នកស្រី ផាន់ លក្ខិណា ដែលកើតក្នុងគ្រួសារក្រីក្រ ក្នុងរាជធានីភ្នំពេញ គឺជាអតីតបុគ្គលិករបស់អង្គការ មិនមែនរដ្ឋាភិបាលរយៈពេល១០ឆ្នាំ។ ក្នុងអំឡុងពេលបំពេញការងារ អ្នកស្រីតែងតែងស្រម៉ៃចង់មានឱកាសមួយ ដើម្បីជួយយកអាសារពលរដ្ឋ ដែលជួបការលំបាក។

ជាក់ស្តែង ក្រោយការចាកចេញពលរដ្ឋសហគមន៍ដីក្រហមក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០០៩ អ្នកស្រី ជាមួយនឹងស្វាមីបានជួយពួកគេ បន្ទាប់ពីពលរដ្ឋទាំងនោះ បានផ្លាស់ប្តូរទីលំនៅទៅរស់នៅក្នុងភូមិស្រះពោធិ៍ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកំពង់ស្ពឺ ឬហៅថាសហគមន៍តង់ខៀវ។

អ្នកស្រីបានថ្លែងថា «នៅពេលនោះយើងបានជួយពួកគាត់ ក្នុងនាមពួកខ្ញុំជាសប្បុរសជន។ ខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួន និងរៃអង្គាសប្រាក់ពីមិត្តភក្តិ ដើម្បីទិញសំពត់តង់ចែកជូនដល់ពលរដ្ឋទាំងនោះ ដោយសារឃើញពួកគាត់មានការលំបាក»

នៅដើមឆ្នាំ២០១១ ដោយទទួលបានជំនួយពីសប្បុរសជន នៅប្រទេសអូស្រ្តាលី អ្នកស្រីបានមកបង្កើតអង្គការមួយឈ្មោះថា អង្គការម៉ាណាជីវិត ជាមួយស្វាមីរបស់អ្នកស្រី។ ក្រោយមក អង្គការរបស់អ្នកស្រី ក៏ទទួលបានជំនួយបន្ថែមពីព្រះវិហារគ្រីស្ទសាសនានៅប្រទេសកាណាដា និងណូវែលសេឡង់។

អ្នកស្រីបន្ថែមថា «ខ្ញុំកើតក្នុងគ្រួសារក្រីក្រ។ នៅពេលខ្ញុំឃើញពួកគាត់លំបាក វាធ្វើឲ្យខ្ញុំនឹកឃើញអតីតកាលរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំគិតថា ពួកគាត់គួរទទួលបានជំនួយ ដូចជាផ្ទះជាដើម។ ដូច្នេះខ្ញុំ បានសម្រេចចិត្តបើកអង្គការនេះឡើង ដើម្បីជួយពួកគាត់»

បន្ទាប់មក អង្គការរបស់អ្នកស្រីបានសាងសង់កូនផ្ទះតូចៗចំនួន ៩៣ខ្នងជូនពលរដ្ឋសហគមន៍តង់ខៀវ និងអតីតពលរដ្ឋសហគមនបុរីកីឡា ដែលគម្រោងនេះបានបញ្ចប់នៅឆ្នាំ២០១៣ ហើយក្នុងពេលជាមួយគ្នានោះដែរក៏មានការបើកវគ្គបង្រៀនកុំព្យូទ័រដល់កុមារផងដែរ។

អ្នកស្រី ធី ស្រី អាយុ ៤៣ឆ្នាំ ដែលបានចាកចេញពីសហគមន៍ដីក្រហមទៅរកនៅក្នុងសហគមន៍តង់ខៀវ បានថ្លែងថា អ្នកស្រី និងក្រុមគ្រួសារ ជួបការលំបាកខ្លាំងនៅពេលរស់នៅក្នុងសហគមន៍តង់ខៀវដំបូង។

អ្នកស្រីថ្លែងថា «កាលពីពួកយើងមករស់នៅទីនេះដំបូង យើងរស់នៅក្នុងខ្ទមដែលយកឈើគងលើគ្នា ហើយប្រក់សំពត់តង់។ គាត់ [អ្នកស្រី ផាន់ លក្ខិណា] ជួយសង់ផ្ទះឲ្យយើង»

ក្រោយមកដើម្បីជួយដល់កុមារក្រីក្រនៅក្នុងតំបន់នោះ ឲ្យទទួលបានការសិក្សាចំណេះទូទៅ អង្គការរបស់អ្នកស្រីបានបង្កើតសាលារៀនមួយឈ្មោះថា សាលារៀនដើមស្វាយ នៅឆ្នាំ២០១៤ ដែលផ្តល់ការសិក្សាពីថ្នាក់ទី១ ដល់ទី ៦។

សាលាដើមស្វាយបានផ្តល់ការសិក្សាដល់សិស្សចំនួន ៣១៩ នាក់ក្នុងពេលបើកដំណើការពីឆ្នាំ២០១៤ ដល់២០១៩។ ជាអកុសល សាលាចំណេះទូទៅមួយនេះបានបិទនៅឆ្នាំ២០១៩ ដោយសារកង្វះខាតមូលនិធិ។

សម្រាប់ឆ្នាំសិក្សា២០២១នេះ អង្គការម៉ាណាជីវិតបានផ្តល់ការសិក្សាដល់សិស្សចំនួន៦៥ នាក់ តាមរយៈការផ្តល់អាហារូបករណ៍ដល់ពួកគេពី ៥០% ទៅ ១០០% ឲ្យទៅរៀននៅសាលាឯកជន។ ចំពោះគ្រួសារណាដែលមានការខ្វះខាតខ្លាំង អង្គការរបស់អ្នកស្រីក៏ផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ និងអង្ករផងដែរ។

អង្គការក៏ទទួលបានមូលនិធិពីសប្បុរសជនមួយចំនួនទៀតផងដែរ។ អ្នកស្រី លក្ខិណាបានអំពាវនាវស្វែងរកជំនួយបន្ថែមទៀត ដើម្បីរក្សានិរន្តរភាពរបស់អង្គការ។
មានពេលខ្លះ អ្នកស្រីចំណាយថវិកាផ្ទាល់ខ្លួនដែលជាប្រាក់ចំណូលរបស់គ្រួសារ ដើម្បីរក្សាលំនឹងរបស់អង្គការក្នុងពេលខ្វះខាតមូលនិធិ ជាពិសេសក្នុងពេលកើតមានជំងឺកូវីដ-១៩ ដែលសប្បុរជននិងព្រះវិហារដែលជាម្ចាស់ជំនួយបានផ្អាក និងកាត់បន្ថយជំនួយ។

អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះ មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។

ដើម្បីចូលមើលវីដេអូអំពីអ្នកស្រី ផាន់ លក្ខិណា សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://www.facebook.com/watch/?v=736701273670822
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕