(បរទេស)៖ ប្រាក់ចំណូលនៅក្នុងវិស័យឧស្សាហកម្មតន្ត្រី ក្នុងឆ្នាំ២០២០ គឺមានការកើនឡើងរហូតដល់ទៅ ២១ពាន់លានដុល្លារ ពោលគឺបានកើនឡើងរហូតដល់ទៅ ៧.៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ខណៈការកើនឡើងប្រាក់ចំណូលដ៏ខ្លាំងបែបនេះ គឺដោយសារតែមានការជំរុញពីការលក់អាល់ប៊ុមតារាចម្រៀង The Weeknd និង BTS។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

ដោយសារតែភាពជោគជ័យយ៉ាងគំហុក ក្នុងការលក់អាល់ប៊ុមរបស់តារាចម្រៀង The Weeknd និង BTS និងតារាផ្សេងៗមួយចំនួនទៀតដូចជា Billie Eilish, Taylor Swift បានប្រាក់ចំណូលនៅក្នុងវិស័យឧស្សាហកម្មតន្ត្រី គឺមានការកើនរហូតដល់ ៧.៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ប្រាក់ចំណូលទាំងនេះ ត្រូវបានគេដឹងថា បានមកពីការលក់អាល់ប៊ុម និងការផ្តល់សេវា Streaming។

បើយោងតាមសហព័ន្ធអន្តរជាតិទទួលបន្ទុកផ្នែកវិស័យឧស្សាហកម្មតន្ត្រីទូទាំងពិភពលោក (IFPI) បានឲ្យដឹងថា មានមនុស្សច្រើនជាង៤៤២លាននាក់ ចំណាយប្រាក់ក្នុងការទស្សនាចម្រៀង នៅលើសេវាកម្ម Streaming ដែលរហូតមកទល់នឹងពេលនេះ ចំនួនអ្នកប្រើប្រាស់សេវាកម្មនេះ គឺបានកើនឡើងរហូតដល់ ២៩ភាគរយ ដែលធ្វើឲ្យប្រាក់ចំណូលក៏បានកើនឡើងដូចគ្នា។

យ៉ាណាមិញ តួរលេខរបស់ IFPI នៅពេលនេះ គឺមិនបានរាប់បញ្ចូលប្រាក់ចំណូល ដែលបានមកពីវិស័យប្រគំតន្ត្រីនោះ ទេ ត្បិតវាបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសាកលកូវីដ-១៩៕