(ក្រុងឡុងដ៍)៖ John Stones ដែលជាខ្សែការពារ ១រូបត្រូវបានជ្រើសចេញពីក្លិប Manchester City បានថ្លែងក្នុងសន្និសីទឲ្យដឹងថា រូបគេមានអារម្មណ៍អស់សង្ឃឹមខ្លាំងណាស់ នៅពេលមើលក្រុមជម្រើសជាតិលេងនៅផ្ទះតាមកញ្ចក់ទូរទស្សន៍។

ខ្សែការពារកណ្តាលវ័យ ២៦ឆ្នាំខាងលើនេះបានថ្លែងប្រាប់ BBC ថា «ខ្ញុំពិតជាមានអារម្មណ៍លំបាកដូចទៅនឹងកីឡាករឯទៀតផងដែរ នៅពេលមិនអាចជួយក្រុមបាន ក្រៅតែពីមើលទូរទស្សន៍នៅផ្ទះ»

Stones ជាកីឡាករ ១រូបក្នុងចំណោម ៤រូបរួមមាន Phil Foden, Raheem Sterling និង Kyle Walker របស់ក្លិប Man City ដែលត្រូវបានលោក Gareth Southgate កោះហៅចូលជួយអង់គ្លេសក្នុងការលេងវគ្គជម្រុះ FIFA World Cup 2022 ទល់នឹងប៉ូឡូញ សាំងម៉ារ៉ាំង និងអាល់បានីនាចុងខែមីនា ឆ្នាំ២០២១ នេះ ប្រចាំតំបន់អឺរ៉ុប (UEFA)។

នេះក៏ជាលើកទី១ ផងដែរដែល John Stones បានជាប់ជម្រើសជាតិតោកំណាចអង់គ្លេសឡើងវិញ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មក ហើយក៏ជាកីឡាករសំខាន់ ១រូបដែលជួយអង់គ្លេសឡើងដល់វគ្គ ៤ក្រុមចុងក្រោយកាល World Cup 2018 នៅប្រទេសរុស្ស៊ីផងដែរ នៅពេលចាញ់ក្រូអាតជាហេតុមិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្របាន៕