(អាមេរិក)៖ ក្រុមហ៊ុនផ្គត់ផ្គង់ និងផ្ដល់សេវាលើវិស័យដឹកជញ្ជូនយក្សរបស់ចិន Didi Chuxing បានសម្រេចចិត្តឈានជើងចូលផ្សារហ៊ុន New York ជាមួយនឹងក្ដីរំពឹងថា នឹងទទួលបាន ១០០ពាន់លានដុល្លារពីការលក់ IPO នេះបើយោងតាមប្រភពជិតស្និទ្ធបានបង្ហើបឲ្យដឹង។

សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ថា ក្រុមហ៊ុន Didi គ្រោងចូលទីផ្សារហ៊ុនតាមរយ:ការទិញក្រុមហ៊ុនអាមេរិកមួយ រួចរួមបញ្ចូលគ្នា និងដាក់លក់ IPO តែម្ដង បន្ទាប់ពីពិភាក្សា និងពីគ្រោះយោបល់ជាមួយធនាគារ។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា វិធីសាស្ត្រខាងលើនេះអាចនឹងឲ្យតម្លៃ IPO ដែលទទួលបានគឺមិនដល់ផែនការណ៍ដែលបានគ្រោងទុក ដូច្នេះ Didi អាចនឹងប្រើជម្រើសផ្សេង ខណៈដែលប្រភពផ្សេងទៀតបានបង្ហាញថា ក្រុមហ៊ុន Didi គ្រោងចេញផ្សារហ៊ុនហុងកុងមួយទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា Didi គឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មដឹកជញ្ជូនគ្រប់ប្រភេទ ដែលបច្ចុប្បន្នមានអតិថិជនប្រមាណ ៥៥០លាននាក់ និងមានអ្នកបើកបរប្រមាណ ១០លាននាន់ ជាពិសេសគឺមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅពីក្រោយដូចជា SoftBank, Alibaba និង Tencent ជាដើម៕