(កូរ៉េ)៖ ផលិតកម្មដ៏ធំមួយរបស់កូរ៉េខាងត្បូង JYP Entertainment បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនតន្ត្រីដ៏ល្បីរបស់ចិន Tencent Music ខណៈការសហការគ្នារវាងក្រុមហ៊ុនទាំងពីរនៅពេលនេះ ត្រូវបានគេមើលឃើញថា គឺដើម្បីទទួលសិទ្ធចែកចាយបន្តនូវចម្រៀងរបស់សិល្បករនៃក្រុមហ៊ុនទាំងពីរទៅវិញទៅមក ក្នុងន័យពង្រីកឥទ្ធិពលផ្នែកតន្ត្រីបន្ថែម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

បើយោងតាមសន្និសីទសារព័ត៌មាន ដែលធ្វើឡើងដោយក្រុមហ៊ុនតន្រ្តីទាំងពីរនាពេលថ្មីៗនេះ JYP និង Tencent Music បានបង្ហាញការសហការគ្នា ដើម្បីអនុញ្ញាតឲ្យសិល្បកររបស់ផលិតកម្ម JYP មានសិទ្ធក្នុងការដាក់បញ្ចូលឬចែកចាយបទចម្រៀងរបស់ពូកគេទៅក្នុងមាតិការបស់ Tencent Music។

JYP បាននិយាយថា «ពួកយើងនឹងចុះហត្ថលេខាលើភាពជាដៃគូជាមួយ Tencent ដែលជាក្រុមហ៊ុនតន្ត្រីចិនដ៏ឈានមុខមួយ។ ពួកយើងមានផែនការ ដើម្បីធានាសិទ្ធចែកចាយមាតិកាតន្ត្រីរបស់សិល្បកររបស់យើង ទាំងវិស័យចម្រៀង និងមុខជំនួញ។ យើងមានបំណងក្នុងការអភិវឌ្ឍន៍វិស័យ K-POP តាមរយៈការផ្តល់ជូននានា មិនត្រឹមតែសម្រាប់សិល្បកររបស់យើងនោះទេ ថែមទាំងមាតិកាដែលមានគុណភាពផងដែរ សម្រាប់អ្នកគាំទ្រតន្ត្រីនៅជុំវិញពិភពលោក ពោលវាត្រូវបានធ្វើឡើង តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងភាពច្នៃប្រឌិតទៅវិញទៅមក»

គួរជម្រាបថា Tencent Music Entertainment គឺជាមាតិកាតន្រ្តីមួយដ៏មានឥទ្ធិពលរបស់ចិន ដែលរួមបញ្ចូលទាំង QQ Music, Kugou Music, Kuwo Music និង Wesing។ ក្រុមហ៊ុនទាំងពីរខាងលើ រំពឹងថាកិច្ចសហការគ្នានេះ នឹងបង្កើនទំនាក់ទំនងរវាងគ្នាកាន់តែខ្លាំង តាមរយៈការបង្កើតសេវាកម្មតន្ត្រីកំសាន្ត ដូចជាការចូលរួមទីផ្សារជាមួយគ្នា, ព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ៕