(ប៉ារីស)៖ បារាំង ដែលជាម្ចាស់ជើងឯក FIFA World Cup 2018 នោះ លេងបានត្រឹមទល់នឹងអ៊ុយក្រែនក្នុងលទ្ធផល ១-១ នៅថ្ងៃបើកឆាកជម្រុះប្រចាំតំបន់អឺរ៉ុបពីក្នុងពូល D នៅរាត្រីថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីស កីឡាករខ្សែប្រយុទ្ធដែលត្រូវបានជ្រើសចេញពីក្លិប FC Barcelona, Antoine Griezmann ជាអ្នករកបានគ្រាប់នាំមុខឲ្យមាន់គកបារាំងនៅនាទី១៩ មុនពេលត្រូវបានក្រុមភ្ញៀវវាយបកតាមស្មើវិញនៅនាទី៥៧ ដោយបាល់ចូលទីខ្លួនឯង (own goal) របស់ Presnel Kimpembe ដែលជាខ្សែការពារត្រូវបានកោះពីក្លិប Paris Saint-Germain។
អតីតម្ចាស់ជើងឯក World Cup ២សម័យកាលបារាំង ធ្លាប់បានបំបាក់ក្រុមស្ថិតក្នុងទ្វីបអឺរ៉ុបដូចគ្នា អ៊ុយក្រែនក្នុងលទ្ធផល ៧-១ កាលពីខែតុលា ឆ្នាំ២០២០ នៃជំនួបមិត្តភាពអន្តរជាតិ នៅមុនពេលក្រុមរបស់លោក Didier Deschamps អាចរកបានតែ ១ពិន្ទុក្នុងដីនៃការប្រកួតបើកឆាកប្រចាំពូល D នៃយុទ្ធនាការជម្រុះ World Cup 2022 ដែលមានកាតាត្រៀមធ្វើម្ចាស់ផ្ទះ។
១ប្រកួតផ្សេងទៀតក្នុងពូល D នេះដែរ ម្ចាស់ផ្ទះហ្វាំងឡង់ ក៏បានលេងស្មើទល់នឹងបូស្នី ២-២ គ្រាដែលកាហ្សាក់ស្ថានមិនទាន់ប្រកួតនោះទេ ក្នុងចំណោម ៥ប្រទេសដែលស្ថិតក្នុងពូលខាងលើជាមួយគ្នា៕