(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានប្រកាសពន្យារពេលម្ដងទៀតហើយ សម្រាប់ជំនួបជើងទី២ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងសមាគមកីឡាខេត្ដព្រះវិហារ ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ដោយលើកទៅប្រកួតនាថ្ងៃទី០៤ ខែមេសាខាងមុខវិញ។
នេះគឺជាលើកទី២ ហើយ ដែលជំនួបរវាងក្រុមទាំងពីរត្រូវបានលើកពេល បន្ទាប់ពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅទីតាំងមួយចំនួននៅសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ក្រោយរកឃើញបុរសម្នាក់ឈ្មោះ ឡេង ពៅ មានវិជ្ជមានកូវីដ-១៩ ហើយបុគ្គលនេះបានធ្វើដំណើរ និងទំនាក់ទំនងមួយចំនួន នៅទីតាំងខាងលើ។
ដំបូងឡើយខេត្តត្បូងឃ្មុំ គ្រោងជួបខេត្តព្រះវិហារ ក្នុងជើងទី២ នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ នៅថ្ងៃទី១៦-មីនា តែត្រូវបាន CNCC ពន្យារពេលលើកទី១ ដោយគ្រោងលើកមកប្រកួតនៅថ្ងៃទី២៧ ខែមីនា។ ប៉ុន្ដែដោយស្ថានភាពមិនអំណោយផល CNCC បានបន្ដពន្យារពេលលើកទី២ ទៅប្រកួតនាថ្ងៃទី០៤ ខែមេសាវិញ ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា នេះគឺជាការប្រកួតចុងក្រោយរបស់អតីតក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០១៩ ខេត្តត្បូងឃ្មុំ ក្នុងពូល F ដ្បិតកាលពីជើងទី១ ត្បូងឃ្មុំ បានយកឈ្នះខេត្តព្រះវិហារ ៤-២ ក្រៅដី។ បច្ចុប្បន្នខេត្តត្បូងឃ្មុំ បានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយរួចទៅហើយ បន្ទាប់ពីឈ្នះ ៣ប្រកួតផ្ទួនៗ និងរកបាន ៩ពិន្ទុពេញ ដើម្បីឈរកំពូលតារាង។ រីឯខេត្តព្រះវិហារ នៅសល់ឱកាសតិចតួចប៉ុណ្ណោះក្នុងការប្រជែងកៅអីវគ្គបន្ដ បន្ទាប់ពីពួកគេបានបរាជ័យទាំង ២ប្រកួត កាលពីជើងទី១៕