(ភ្នំពេញ)៖ «ក្នុងនាមជាគ្រូបង្វឹក និងជាអ្នកដឹកនាំនៃក្រុមជម្រើសជាតិកម្ពុជា វាគឺជាកិត្តិយសដ៏អស្ចារ្យបំផុតមួយក្នុងជីវិតរបស់ខ្ញុំ»។ នេះគឺជាសំដីរបស់លោក Felix Dalmas អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក្នុងខ្លឹមសារនៃសារដែលលោកបានផ្ញើមកកាន់គ្រួសារបាល់ទាត់កម្ពុជា បន្ទាប់ពីលោកអវត្តមានក្នុងកិច្ចសន្យាថ្មីរវាងលោក Keisuke Honda និងសហការីជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក Felix បានបញ្ជាក់ថា លោកមិនអាចបន្ដការងារជាគ្រូបង្វឹកក្រុមគោព្រៃកម្ពុជាទៀតទេ ដោយសារតែហេតុផលផ្ទាល់ខ្លួនមួយចំនួន។ តែលោកជឿជាក់ថា លោក Honda នឹងនៅតែបន្ដការដឹកនាំដ៏ល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ លើសពីនេះ លោកក៏បានថ្លែងកោតសរសើរប្រធានសហព័ន្ធ លោកឧត្តមសេនីយ៍ សៅ សុខា និងលោក Honda ដែលបានផ្ដល់ការជឿទុកចិត្តលើរូបលោក និងផ្ដល់ឱកាសឲ្យលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ។ សហព័ន្ធតែងតែជឿជាក់លើទស្សនៈវិស័យបាល់ទាត់ និងគាំទ្រដល់ក្តីសុបិនក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់យុគសម័យថ្មីនៃបាល់ទាត់កម្ពុជា។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើបន្ដថា «អស់រយៈពេល ២ឆ្នាំមកនេះ ខ្ញុំមានក្រុមការងារបច្ចេកទេសកម្ពុជាដ៏អស្ចារ្យមួយ ហើយមានមនុស្សអស្ចារ្យជាច្រើនទៀតដែលនៅពីក្រោយការប្រកួតរបស់ពួកយើង ពួកគេបានធ្វើការយ៉ាងខ្លាំង និងបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តសម្រាប់ក្រុម។ ខ្ញុំបានធ្វើការងារជារៀងរាល់ថ្ងៃជាមួយកីឡាករ គ្រូបង្វឹករបស់ក្លិបអាជីពនានា ហើយក៏មានម្ចាស់ក្លិបទាំងនោះផងដែរ ពួកគេបានគាំទ្រខ្ញុំយ៉ាងខ្លាំង ដើម្បីចង់ឲ្យប្រទេសកម្ពុជា និងកីឡាកររបស់យើងកាន់តែមានភាពរីកចម្រើន។ ការធ្វើការងារសហការជាមួយពួកគាត់ វាពិតជាពិសេសពិសាលណាស់សម្រាប់ខ្ញុំ»

លោក Felix បានបញ្ជាក់ថា «ខ្ញុំមានតែពាក្យអរគុណប៉ុណ្ណោះដល់អ្នកទាំងអស់គ្នា ដែលពួកយើងបានធ្វើតាមការណែនាំរបស់ខ្ញុំដោយអស់ពីចិត្ត ហើយបានបង្ហាញនូវឆន្ទៈយ៉ាងមុះមុតគ្រប់ការប្រកួតដើម្បីក្រុម។ អ្នកទាំងអស់គ្នាតែងតែព្យាយាមជម្នះជាមួយខ្លួនឯងជារៀងរាល់ថ្ងៃ និងព្យាយាមកែតម្រូវខ្លួនឯងទាំងនៅក្នុង និងក្រៅទីលាន។ ខ្ញុំបានមើលឃើញពីការលះបង់ដែលអ្នកទាំងអស់គ្នាបានធ្វើ និងការរីកចម្រើនដែលអ្នកទាំងអស់គ្នាសម្រេចបាន។ វាធ្វើឲ្យខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជា ក៏ដូចកីឡាករទាំងអស់ ពិតជាអាចសម្រេចនូវក្តីសុបិនដ៏ធំរបស់ខ្លួនបាន ដើម្បីនាំប្រទេសមួយនេះឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងឆាកអន្តរជាតិ»

បុរសវ័យ ៣៣ឆ្នាំដដែលបានសង្កត់ធ្ងន់ថា «ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសដ៏អស្ចារ្យមួយនេះ។ ខ្ញុំនឹងតែងតែចងចាំ និងដឹងគុណដល់ប្រជាជនកម្ពុជាជានិច្ច ចំពោះទឹកចិត្តដ៏ស្មោះសររបស់អ្នកចំពោះខ្ញុំ។ លើសពីនេះទៅទៀត ក្រៅពីការងារក្រុមជម្រើសជាតិ ខ្ញុំបានរស់នៅ និងធ្វើការជាមួយប្រជាជនកម្ពុជាផ្សេងទៀតជារៀងរាល់ថ្ងៃ ដែលបានធ្វើឲ្យខ្ញុំមានបទពិសោធយល់ដឹងផ្ទាល់ថាប្រទេសមួយនេះ មានមនុស្សអស្ចារ្យជាច្រើនដែលមានទេពកោសល្យ និងឧស្សាហ៍ព្យាយាមយ៉ាងខ្លាំង»

បន្ថែមលើនេះ លោក Felix បានបង្ហាញនូវមោទនភាពបំផុតដែលបានផ្សាភ្ជាប់ទស្សនៈបាល់ទាត់ និងរបៀបនៃការលេងមួយដែលសម្គាល់ថា នេះជារបៀបនៃការលេងរបស់កម្ពុជា។ លោកថា «នៅពេលនេះ កម្ពុជាមានមូលដ្ឋានគ្រឹះ និងគន្លងផ្លូវនៃដំណើរការអភិវឌ្ឍក្រុមជម្រើសជាតិយ៉ាងច្បាស់លាស់។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលពួកយើងបានកសាង ហើយខ្ញុំជឿជាក់ថាជាមួយនឹងមូលដ្ឋានគ្រឹះនេះ ការបង្កើតប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា នឹងកើតមានឡើងជាច្រើនទៀតនាពេលអនាគត»

សូមរំឭកថា រយៈពេល ២ឆ្នាំ ដែលលោក Felix បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាមួយអ្នកចាត់ការទូទៅ លោក Keisuke Honda បានជួយឲ្យក្រុមគោព្រៃកម្ពុជា សម្រេចសមិទ្ធផលមួយចំនួន ដូចជាការឡើងដល់់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U22 LG Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ, ការឆ្លងចូលវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក (ក្នុងនាមជាក្រុមដែលក្មេងជាងគេក្នុងការប្រកួត) និងការឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា៕