(ភ្នំពេញ)៖ រហូតមកទល់នឹងពេលនេះ គឺមានរយៈពេល១២ថ្ងៃហើយ ដែលតារាកំប្លែងនាយ ចឺម និងក្រុមគ្រួសារ សរុប១៣នាក់ បានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈបច្ចុប្បន្នស្ថានភាពសុខភាពរបស់តារាចម្រៀងរូបនេះ និងសមាជិកគ្រួសារទាំងង១៣នាក់ផ្សេងទៀត គឺមិនមានអាការៈអ្វីគួរឲ្យសង្ស័យនោះទេ ពោលគឺមានសុខភាពល្អធម្មតា ហើយពេលនេះ គឺកំពុងតែរង់ចាំលទ្ធផលធ្វើតេស្តសំណាកលើកទី២។
តារាចម្រៀង នាយ ចឺម បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថា នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ គឺគ្រប់រយៈពេល១៤ថ្ងៃនៃការធ្វើចត្តាឡីស័ក សម្រាប់ក្រុមគ្រួសាររបស់លោកហើយ។ លោកថា ប្រសិនបើលទ្ធផលធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ របស់សមាជិកគ្រួសាររបស់លោកសរុប១៣នាក់ បង្ហាញថា អវិជ្ជមាន លោកនិងក្រុមគ្រួសារ គឺត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។
តារាចម្រៀងម្ចាស់បទ «មុនបងមានប្រពន្ធ អូននៅឯណា» រូបនេះ បានបន្តថា ទាំងរូបលោកផ្ទាល់ និងសមាជិកគ្រូសារផ្សេងទៀត គឺមានសុខភាពល្អធម្មតា មិនមានអាការៈអ្វីគួរឲ្យសង្ស័យនោះទេ។
គួរជម្រាបថា តារាចម្រៀង នាយចឺម និងគ្រួសារ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយមានការប៉ះពាល់ដោយប្រយោលជាមួយតារាកំប្លែង ស្រីអ៉ីត ដែលមានវិជ្ជមានកូវីដ-១៩។ តែយ៉ាងណា លទ្ធផល ធ្វើតេស្តលើកទី១ របស់លោកនិងគ្រួសារ គឺបង្ហាញថា «អវិជ្ជមានកូវីដ-១៩» ទាំង១៣នាក់ ខណៈបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលធ្វើតេស្តលើកទី២។
នាយ ចឺម ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ និងចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យសភាពការកាន់តែប្រសើរ អាចប្រកបមុខរបររកស៉ីបានដូចធម្មតាវិញ៕