(មែនឆេស្ទើ)៖ ក្លិបបាល់ទាត់ Manchester City នឹងបន្តសាងសង់កៅអីអង្គុយដែលមានរនាំងដែកបន្ថែមពីលើកៅអីចំនួន ៥,៦២០កន្លែងបន្តទៀត ក្នុងហេតុផលការពារសុវត្ថិភាពក្រុមអ្នកគាំទ្រនៅរដូវក្តៅខាងមុខនេះ ខណៈបច្ចុប្បន្នកីឡដ្ឋានមួយនេះអាចផ្ទុកអ្នកទស្សនាបាន ៥៥,០៩៧នាក់។

តាមគម្រោងក្លិបខាងលើនឹងសាងសង់កៅអីមានរនាំងដែកនៅតំបន់ខាងត្បូងនៃកីឡដ្ឋាន ដើម្បីបង្កភាពងាយស្រួលដល់អ្នកគាំទ្រអាចឈរ ឬអង្គុយ នឹងចេញចូលដែលអាចនឹងធ្វើរួចរាល់ មុនពេលរដូវកាលឆ្នាំ២០២១-២០២២ ចាប់ផ្តើម នៅពេលក្រុម Manchester United ក៏ត្រៀមគម្រោងនេះដូចគ្នា។

កន្លងមកការណែនាំថ្មីកាលពីឆ្នាំ២០១៨ អាជ្ញាធរសុវត្ថិភាពកីឡាក៏បានអនុញ្ញាតឲ្យមានការផ្លាស់ប្តូរកៅអីអង្គុយ ឲ្យប្រើកៅអីដែលមានរនាំងដែកផងដែរ ខណៈកៅអីធម្មតាធ្លាប់មានបញ្ហាដែលធ្វើឲ្យអ្នកគាំទ្រក្រុម Liverpool ប្រមាណ ៩៦នាក់បានស្លាប់ក្នុងហេតុការណ៍កាលឆ្នាំ១៩៨៩៕