(បរទេស)៖ គោលការណ៍ដែលកំណត់ថា គ្មានការធ្វើឡើងតាមរយៈវីដេអូ Zoom សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ «Oscars» ក្នុងឆ្នាំ២០២១នេះ ត្រូវបានគេមើលឃើញថា នឹងបង្ករភាពលំបាកដល់អ្នកចូលរួម ដែលរស់នៅបណ្តាប្រទេសផ្សេងៗ ក្រៅពីសហរដ្ឋអាមេរិក។ បានន័យថាកម្មវិធីនេះ គឺតម្រូវឲ្យមានការចូលរួដោយផ្ទាល់ ខណៈកូវីដ-១៩ នៅតែជាបញ្ហាប្រឈម។ នេះបើតាមការ ដកស្រង់ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

អ្នករៀបចំព្រឹត្តិការណ៍ «Oscars» បាននិយាយកាលពីសប្តាហ៍មុនថា កម្មវិធីវីដេអូ Zoom នឹងមិនមែនជាជម្រើស សម្រាប់ការសម្តែង Show នោះទេ។ ការលើកឡើងបែបនេះ គឺជាការលើកទឹកចិត្តឲ្យដែលត្រូវចូលរួមបង្ហាញវត្តមានផ្ទាល់តែម្តង។

ក្រោយការលើកឡើងបែបនេះ ទស្សនាវដ្តី Variety និង Deadline បានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា សាធារណជន និងអ្នកដែលត្រូវចូលរួម បានប្តឹងទៅកាន់បណ្ឌិត្យសភាចលនាសិល្បៈ និងវិទ្យាសាស្ត្រ (The Academy of Motion Picture Arts and Sciences) ដែលជាអ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍ពានរង្វាន់អូស្កា ពីភាពលំបាករបស់ពួកគេ ក្នុងអំឡុងជំងឺកូវីដ-១៩នេះ ជាពិសសគឺការធ្វើដំណើរ ការចំណាយ និងការធ្វើចត្តាឡីស័កជាដើម ទំរាំអាចចូលរួមក្នុងព្រឹត្តិការណ៍នេះបាន។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍ពានរង្វាន់អូស្កា នៅមិនទាន់ផ្តល់ការឆ្លើយតបអ្វីនោះទេ។

ដោយសារតែវិបត្តិកូវីដ-១៩ ព្រឹត្តិការណ៍ពានរង្វាន់អូស្កា លើកទី៧៣ ត្រូវបានលើកពេលមក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដោយការយល់ឃើញថា រោងភាពយន្តនឹងចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរ។ មានន័យថា ខ្សែភាពយន្តជាច្រើន នឹងត្រូវបានអនុញ្ញាត ហើយមានលទ្ធភាពដាក់ក្នុងព្រឹត្តិការណ៍នេះ ដើម្បីប្រកួតប្រជែងពានរង្វាន់អូស្កា។

គួរជម្រាបថា ព្រឹត្តិការណ៍ពានរង្វាន់អូស្កាឆ្នាំ២០២១ នឹងធ្វើឡើងនៅទីក្រុង Los Angeles និង រោងកុន Dolby ក្នុងតំបន់ Hollywood។ ខណៈបច្ចុប្បន្ននេះ មានបណ្តាម្ចាស់ស្នាដៃមកពីប្រទេសមួយចំនួន បានដាក់សំណើរពីភាពលំបាករបស់ពួកគេ ក្នុងការចូលរួមកម្មវិធីនេះជាបន្តបន្ទាប់ ត្បិតបញ្ហាកូវីដ-១៩ គឺមានភាពលំបាកក្នុងការធ្វើដំណើរទៅកាន់៕