(ភ្នំពេញ)៖ ភោជនីយដ្ឋានសំបុក បានបើកដំណើរការជាធម្មតាវិញហើយ បន្ទាប់ពីផ្អាកមួយរយៈ ដោយមានភ្ញៀវម្នាក់កន្លងមក បានមកទទួលទានអាហារនៅហាងនេះ មានជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ ក្រោយមកទៅធ្វើតេស្ដ ក៏វិជ្ជមានកូវីដ ដែលតម្រូវឱ្យបុគ្គលិកទាំងអស់នៃភោជនីយដ្ឋាននេះ ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល នឹងបុគ្គលនេះ ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
តាមការបញ្ជាក់ក្រសួងសុខាភិបាល បន្ទាប់ពីការធ្វើតេស្ដយ៉ាងយកចិត្តទុកដាក់ និងការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ លទ្ធផលអវិជ្ជមានកូវីដទាំងអស់។ លទ្ធផលដ៏ល្អប្រសើរនេះហើយ ដែលបានបង្ហាញពីវិធានការណ៍សុវត្ថិភាពដ៏រឹងមាំ ដែលអនុវត្តកន្លងមកដោយភោជនីយដ្ឋានសំបុក និងបង្ហាញពីប្រសិទ្ធភាពនៃ គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
បច្ចុប្បន្ននេះ ភោជនីយដា្ឋន បានធ្វើការសម្អាត និងកម្ចាត់មេរោគទ្រង់ទ្រាយធំដោយក្រុមជំនាញ យ៉ាងល្អិតល្អន់ទៅលើរាល់សម្ភារប្រើប្រាស់ បរិវេណទាំងក្នុងនិងក្រៅ និងប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់។ ជាពិសេស បន្ដគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធាននានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា៕