(តូក្យូ)៖ ពិធីដង្ហែភ្លើងគប់ មុនចាប់ផ្តើមប្រកួតកីឡាចម្រុះ Olymic Games 2020 គឺត្រូវបានប្រារព្ធឡើងនៅប្រទេសជប៉ុនជាផ្លូវការហើយ ដើម្បីបញ្ជាក់ប្រាប់ពិភពលោកថា «អូឡាំពិករដូវក្តៅ» នៅតែអាចដំណើរការទៅបាន បើទោះបីជាវិបត្តិជំងឹ Covid-19 ពុំទាន់មានសញ្ញាថមថយនៅឡើយក្តី។
ខេត្ត Fukushima ត្រូវបានជ្រើសរើសជាទីតាំងប្រារព្ធពិធី និងចាប់ផ្តើមដង្ហែចេញ អមដោយអ្នករត់ប្រមាណ ១០,០០០នាក់ផងដែរនៅទូទាំងប្រទេសជប៉ុនរហូតដល់ថ្ងៃប្រកួតផ្លូវការចាប់ផ្តើមនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ។ នេះបើយោងតាមការចេញផ្សាយនៅដោយ BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនានេះ។
ក៏ប៉ុន្តែតាមការរំពឹងទុក ការដង្ហែភ្លើងអូឡាំពិកឆ្នាំ គឺពិតជាខុសប្លែកពីយុទ្ធនាការមុនៗ ដោយសារតែការរឹតបន្តឹង ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺ Covid-19 សូម្បីតែអ្នកគាំទ្រមកពីក្រៅប្រទេសនានាក៏មិនត្រូវបានអនុញ្ញាតឲ្យចូលមកជប៉ុន ដើម្បីគាំទ្រអត្តពលិក និងជាតិរបស់គេដែរ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង លើកទី៣២ នេះនៅសល់តែ ១២១ថ្ងៃទៀតប៉ុណ្ណោះរហូតដលថ្ងៃប្រកួតផ្លូវការ ពោលគឺនៅថ្ងៃសុក្រ ទី២៣ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១៕