(ភ្នំពេញ)៖ លោក ថមមី ដែលជាស្វាមីរបស់តារាចម្រៀង សួស វីហ្សា បានប្រកាសថា លទ្ធផលធ្វើតេស្តសំណាករបស់សមាជិកគ្រួសាររបស់លោកទាំងអស់ គឺអវិជ្ជមាន ពោលមិនមានកូវីដ-១៩ នោះទេ ខណៈភរិយារបស់លោក គឺអ្នកនាង សួស វីហ្សា ដែលកំពុងសម្រាកព្យាបាលកូវីដ-១៩ គឺមានសុខភាពប្រសើរឡើងច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
លោក ថមមី បានបង្ហោះសារក្នុងបណ្តាញសង្គមផ្ទាល់ខ្លួននៅមុននេះបន្តិចថា «សូមជម្រាបទៅកាន់បងប្អូនឲ្យបានជ្រាបថា មកពេលនេះលើស ៧២ម៉ោងនៃការយកសំណាករបស់កូនស្រីខ្ញ៉ំរួមទាំងអ្នកផ្ទះខ្ញ៉ំទាំងអស់គ្នាហើយ ដូច្នេះមានន័យថា អ្នកផ្ទះខ្ញ៉ំទាំងអស់គ្នារួមទាំងកូនស្រីខ្ញ៉ំ ថង សាម៉ូលីណា គឺមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ គឺលទ្ធផលអវិជ្ជមាន (-) តែពួកខ្ញ៉ំទាំងអស់គ្នាក៏ធ្វើការចត្តាឡីស័កបន្ត១៤ថ្ងៃបន្ថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺស្នាក់នៅផ្ទះ ដោយមានតែរូបខ្ញ៉ំបាទម្នាក់គត់ត្រូវនៅដាច់ដោយឡែក ពីពួកគាត់ទាំងអស់គ្នា ដោយនៅក្នុងបន្ទប់១ ប៉ុន្តែនៅផ្ទះតែមួយទេ ព្រោះខ្ញ៉ំបាទបានប៉ះពាល់ជាមួយភរិយាខ្ញ៉ំផ្ទាល់»។
តារាសម្តែង ថមមី បានបន្តថា «តែសម្រាប់ខ្ញ៉ំ គឺអវិជ្ជមានមេរោគដូចគ្នា ៣លើក រង់ចាំចត្តាឡីស័ក១៤ថ្ងៃរួចតេស្តម្តងទៀត។ សម្រាប់ភរិយារបស់ខ្ញ៉ំបាទ Sous Visa គាត់បានធូរស្បើយច្រើនហើយ ដោយបានស្គាល់ក្លិន អន់ក្តៅបាត់ឈឺបំពង់ក ហើយពេទ្យថាគាត់អាចជាឆាប់ៗខាងមុខ ដោយសុខភាពគាត់ល្អប្រសើរ»។
លោក ថមមី បន្ថែមថា «ខ្ញ៉ំសូមអរគុណសម្រាប់ការបារម្ភពីបងប្អូន ជាពិសេសអរគុណខ្លាំងដល់រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យកងទ័ពជួរមុខរួមទាំងបងៗកងកំលាំងនានា។ ជូនពរប្រជាជនកម្ពុជារួចផុតពីគ្រាលំបាកនេះរួចផុតពីមេរោគចង្រៃនេះ សូមឲ្យមេរោគកូវីដ១៩វិនាសឆាប់ៗ»។
គួរជម្រាបថា អ្នកនាង សួស វីហ្សា ភរិយារបស់លោក ថមមី បានទៅពិនិត្យសំណាក ដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្ដែលុះដល់ការធ្វើតេស្ដលើកទី៣ ដែលចេញលទ្ធផលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បង្ហាញថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩តែម្ដង ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ Great Duke៕