(ភ្នំពេញ)៖ ធនាគារអេស៉ីលីដា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកឆ្លើយសំណួរថា «តើអ្វីទៅជាគណនីវ៉លឡេត និងគណនីធនាគារ»?
ធនាគារអេស៉ីលីដា បញ្ជាក់ថា គណនីវ៉លឡែត គឺជាគណនីដែលកើតឡើងពីលេខទូរស័ព្ទរបស់ម្ចាស់អេស៉ីលីដាម៉ូបាល ដោយសារនៅពេលដែលអតិថិជនទាញយក (Download) កម្មវិធីនេះមកប្រើក្នុងទូរស័ព្ទដៃ លេខទូរស័ព្ទរបស់អតិថិជន គឺជាលេខគណនីពិសេសរបស់គាត់តែម្តង បានន័យថា អតិថិជនបង្កើតគណនីនេះដោយខ្លួនឯងបាន ដោយមិនចាំបាច់មកធនាគារនោះទេ។ គណនីនេះ ងាយស្រួលចាំ ងាយស្រួលធ្វើប្រតិបត្តិការ គ្រប់សេវាធនាគារ ហើយអាចប្រើប្រាស់ប្រាក់រហូតដល់ ១ម៉ឺនដុល្លារ សម្រាប់ធ្វើប្រតិបត្តិការគ្រប់សេវាធនាគារ ដោយមិនគិតថ្លៃសេវា។ ចំពោះគណនីធនាគារវិញ អតិថិជនត្រូវអញ្ជើញមកបើកនៅធនាគារដោយផ្ទាល់។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៉ីលីដា បានឱ្យដឹងពីគណនីទាំងពីរនេះយ៉ាងដូច្នេះថា គណនីវ៉លឡេត (Wallet) នៅលើអេស៉ីលីដាម៉ូបាល មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ធ្វើប្រតិបត្តិការសេវាធនាគារ ដូចជា ផ្ទេរប្រាក់ ទទួលប្រាក់ បង់ថ្លៃទឹកភ្លើង ទូទាត់ទំនិញ ទិញទំនិញអនឡាញជំនួសឲ្យការកាន់សាច់ប្រាក់ បញ្ចូលប្រាក់ក្នុងទូរស័ព្ទ។ល។
ចំពោះគណនីធនាគារវិញ ប្រើប្រាស់បានជាលក្ខណៈជាអន្តរជាតិ អតិថិជនអាចប្រើប្រាស់ប្រាក់ក្នុងគណនីធនាគារគ្មានចំនួនកំណត់ទេ ដាក់ប៉ុន្មានក៏បានដែរ ប៉ុន្តែគណនីវ៉លឡែត គឺអតិថិជន អាចប្រើប្រាស់ ឬធ្វើចរាចរសាច់ប្រាក់បានត្រឹម ១ម៉ឺនដុល្លារតែប៉ុណ្ណោះ ប៉ុន្តែវាមានលក្ខណៈពិសេសម៉្យាងគឺថា អតិថិជនមានជម្រើសពីរក្នុងពេលតែ១។ ទោះជាគណនីណាមួយមានលុយលើស ឬខ្វះ ប្រព័ន្ធធនាគារ នឹងជម្រាបជូនដំណឹងទៅគាត់ដោយស្វ័យប្រវត្តិ ហើយកាន់តែពិសេសជាងនេះទៅទៀត អតិថិជនក៏អាចធ្វើការផ្ទេរពីគណនីវ៉លឡែត ទៅគណនីធនាគារទៅវិញទៅមកបានយ៉ាងងាយស្រួលដែរ និងមិនអស់ថ្លៃសេវា។
ដូច្នេះចង់ដឹងថាអេស៉ីលីដាម៉ូបាល ងាយស្រួលប្រើកម្រិតណានោះ អតិថិជនដែលមិនទាន់មាន អាចធ្វើការដោនឡូត និងចុះឈ្មោះប្រើភ្លាមៗដោយមិនចាំបាច់ធ្វើដំណើរមកធនាគារទេ៕