(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងប្រកាសគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិកម្ពុជា ជំនួសកៅអីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas នាម៉ោង ៩ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ បន្ទាប់ពីរូបលោកបញ្ចប់ការធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃ។ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណាមិញមុនបង្ហាញសមាសភាពគ្រូបង្វឹកថ្មីនេះដែរ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា គ្រូបង្វឹកថ្មីនេះ គឺជាជនជាតិជប៉ុន ដូចអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា លោក Keisuke Honda ដែរ ខណៈមានប្រភពមួយទៀតបានបង្ហើបថា ដៃស្ដាំលោក Honda នេះ ជាគ្រូបង្វឹកកាន់សញ្ញាបត្រកម្រិតខ្ពស់ Pro-License ទៀតផង។
សម្រាប់ភារកិច្ចចំពោះមុខបន្ទាប់ពីបង្ហាញគ្រូបង្វឹកថ្មី លោកនឹងមានការងារជាច្រើនត្រូវធ្វើជាមួយសហព័ន្ធ ពិសេសការជ្រើសរើសកីឡាករ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា ក្នុងឆ្នាំ២០២១ ដូចជាការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup Qatar 2022 ដែលសល់ ៣ប្រកួតក្នុងពូល C និងត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម នាចុងឆ្នាំ២០២១ នេះជាដើម។
គួរដឹងថា បេក្ខភាពថ្នាក់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ត្រូវបានសហព័ន្ធប្រកាសកាលពីម្សិលមិញ ដោយសហព័ន្ធបានបន្ដកុងត្រាអ្នកចាត់ការទូទៅលោក Keisuke Honda និងសហការីមួយចំនួនរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា លើកលែងតែគ្រូបង្វឹក លោក Felix Dalmas ដែលអវត្តមាន ព្រោះហេតុផលផ្ទាល់ខ្លួន។ ដូច្នេះលោក Honda ក៏សម្រេចជ្រើសរើសគ្រូបង្វឹកថ្មី ដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជាដែលសហព័ន្ធនឹងប្រកាសស្អែកនេះ៕