(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសគ្រូបង្វឹកថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដែលជាដៃស្ដាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ គឺបុរសជនជាតិជប៉ុន លោក Ryu Hirose។

បច្ចុប្បន្នលោក Ryu Hirose កំពុងមានវត្តមាននៅកម្ពុជា បន្ទាប់ពីបញ្ចប់ការធ្វើចត្ដាឡីស័ក ១៤ថ្ងៃកាលពីថ្ងៃពុធកន្លងទៅ ហើយគ្រូបង្វឹកជនជាតិជប៉ុនរូបនេះ នឹងត្រូវជំនួសកៅអីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas ដែលមិនបានបន្ដកិច្ចសន្យាថ្មី កាលពីពេលកន្លងទៅ។

សម្រាប់ភារកិច្ចចំពោះមុខរបស់គ្រូបង្វឹកថ្មីខាងលើ លោកនឹងមានការងារជាច្រើនជាមួយសហព័ន្ធ ពិសេសការជ្រើសរើសកីឡាករ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានាក្នុងឆ្នាំ២០២១ ដូចជាការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup Qatar 2022 ដែលសល់ ៣ប្រកួតក្នុងពូល C និងត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម នាចុងឆ្នាំ២០២១ នេះជាដើម៕