(អាមេរិក)៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt និងភរិយារបស់លោក , Wendy, បានបរិច្ចាគប្រាក់ចំនួន១៥០លានដុល្លារអាមេរិក ទៅឲ្យវិទ្យាស្ថានស្រាវជ្រាវមួយ ដើម្បីបង្កើត «ជីវវិទ្យាសម័យថ្មី » មួយ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺ និងការលាយបញ្ចូលគ្នា រវាងទិន្នន័យនិងការសិក្សាវិទ្យាសាស្ត្រជីវិត, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

វិទ្យាស្ថាន Broad Institute of MIT and Harvard មានមូលដ្ឋាននៅរដ្ឋ Massachusetts នឹងប្រើប្រាស់មូលនិធិនេះ ដើម្បីកសាងមជ្ឈមណ្ឌលថ្មីមួយ ដែលនឹងនាំមកនូវទាំងបណ្ឌិតសភា និងឧស្សាហកម្ម ដើម្បីដាក់បញ្ចូលគ្នា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យមនុស្សមានសុខភាពល្អ។

មជ្ឈមណ្ឌលនេះ ដែលនឹងត្រូវដាក់ឈ្មោះតាមលោក Schmidts នឹងសហការជាមួយអ្នកជំនាញ មកពីវិស័យជាច្រើន នៅក្រុមហ៊ុន Google, Microsoft និង AstraZeneca និងស្ថាប័នសិក្សា រួមមានសាកលវិទ្យាល័យ Oxford និង Mayo Clinic។

លោក Schmidts, ដែលមានមូលនិធិសប្បុរសធម៌ជាច្រើនផ្សេងទៀតនោះ, បានជាប់ចំណាត់ថ្នាក់ ជាអ្នកបរិច្ចាគម្នាក់ ក្នុងចំណោមអ្នកបរិច្ចាគលំដាប់កំពូល នៅសហរដ្ឋអាមេរិក។

គួររំលឹកថា លោក Schmidts ធ្លាប់បានកាន់តួនាទីជា CEO របស់ក្រុមហ៊ុន Google ចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ២០១១។ ក្រោយមកលោកបានឡើងតួនាទីជាប្រធានប្រតិបត្តិក្រុមហ៊ុន Google មុនពេលលាលែងពីតំណែង នៅឆ្នាំ២០១៨៕