(ឥណ្ឌា)៖ តារាប៊ូលីវូដល្បីឈ្មោះមួយរូបគឺ Aamir Khan ត្រូវបានប្រកាសថា មានវិជ្ជមានកូវីដ-១៩ ខណៈបច្ចុប្បន្នត្រូវបានដាក់ឲ្យនៅដាក់ដោយឡែក ក្នុងគេហដ្ឋានរបស់លោក។ តារាប្រុសរូបនេះ បានឆ្លងកូវីដ-១៩ បន្ទាប់ពីមហាជនដឹងថា ថ្មីៗនេះប្រទេសឥណ្ឌា ទើបតែប្រកាសរកឃើញ វីរុសកូរ៉ូណា COVID-19 ស៊េរីថ្មីមួយប្រភេទដែល «បំប្លែងខ្លួនទ្វេដង» ដែលកំពុងបង្ករការព្រួយបារម្ភជាខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

ក្រុមការងាររបស់តារាប្រុស Khan បាននិយាយថា ដោយអនុវត្តន៍តាមការណែនាំរបស់មន្ត្រីក្នុងតំបន់ នៅពេលនេះស្ថានភាពសុខភាពរបស់ Khan គឺមានភាពប្រសើរឡើងហើយ។ ទន្ទឹមគ្នានេះ ក៏បានអំពាវនាឲ្យអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយតារាប្រុស Khan ប្រញាប់ទៅធ្វើតេស្តរកកូវីដ-១៩ ផងដែរ។

បើតាមការចេញផ្សាយបានឲ្យដឹងថា មិនមែនមានតែតារាសម្តែងល្បីឈ្មោះ Khan ដែលមានវ័យ៥៦ឆ្នាំ ត្រូវបានគេដឹងថា រកឃើញថាមានជំងឺកូវីដ-១៩នោះទេ នៅដើមខែនេះ មានតារាពីររូបទៀតក្នុងវិស័យភាពយន្តឥណ្ឌាគឺ Ranbir Kapoor និង karitik Aaryan ក៏បានរកឃើញថាមានជំងឺដ៏កាចសាហាវកូវីដ-១៩នេះផងដែរ។

លោក Khan បានចូលរួមសម្តែងក្នុងខ្សែភាពយន្តល្បីៗជាច្រើន ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកមានភាពល្បីល្បាញជុំវិញពិភពលោក ជាពិសេសតារារូបនេះ ត្រូវបានគេដឹងថា មានអ្នកគាំទ្ររាប់លាននាក់ក្នុងបណ្តាញសង្គម Weibo របស់ចិន។

ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ បានប្រកាសពីការរកឃើញវីរុសកូរ៉ូណា COVID-19 ស៊េរីថ្មីមួយប្រភេទដែល «បំប្លែងខ្លួនទ្វេដង» ខណៈការរកឃើញនេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងញូដេលី ដែលកំពុងតស៊ូប្រយុទ្ធនឹងការឡើងនៃករណីឆ្លងប្រចាំថ្ងៃ នៅទូទាំងប្រទេស៕