(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មធនាគារ តាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា និងក្រុមហ៊ុន City Express Money Transfer Japan Co., Ltd. ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឈានមុខគេមួយ របស់ប្រទេសជប៉ុន បានបង្កើតភាពជាដៃគូ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ កាន់តែប្រសើរឡើង ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរស់នៅជប៉ុន។

តាមរយៈធនាគារឯកទេស វីង ឥឡូវនេះ ប្រជាជនអាចផ្ញើប្រាក់ ដែលរកបានមកទ្រទ្រង់គ្រួសារ របស់ពួកគេបានភ្លាមៗ នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា «ក្នុងកំឡុងពេលមានជំងឺរាតត្បាត កំពុងបន្តបែបនេះ វាចាំបាច់ណាស់ដែលយើងពង្រឹង សមត្ថភាពសេវាផ្ទេរប្រាក់ឆ្លងប្រទេស ដើម្បីគាំទ្រដល់តម្រូវការរបស់សហគមន៍យើង។ ពលករកម្ពុជានៅជប៉ុន ឥឡូវអាចផ្ញើប្រាក់មកផ្ទះ ទោះជានៅដល់ភូមិដាច់ស្រយាលក៏ដោយ។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង១០,០០០នាក់ កំពុងធ្វើការនៅប្រទេសជប៉ុន»

តាមរយៈភាពជាដៃគូនេះ ពួកគេអាចទៅម៉ាស៊ីនអេធីអឹមណាមួយ និងសាខាណាមួយ នៃក្រុមហ៊ុន City Express ជប៉ុន ហើយជ្រើសរើសផ្ញើប្រាក់តាមរយៈវីង។ បន្ទាប់មកពួកគេ នឹងទទួលបានលេខកូដ៨ខ្ទង់ សម្រាប់ក្រុមគ្រួសាររបស់ពួកគេ ដើម្បីដកប្រាក់នៅប្រទេសកម្ពុជា តាមរយៈភ្នាក់ងារវីងដែលមានជាង ៩០០០ កន្លែង ។

លោក Shrestha Mahesh Kumar ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន City Express ជប៉ុន បានថ្លែងថា «យើងជឿជាក់ថា ភាពជាដៃគូនេះ នឹងបង្ហាញសមត្ថភាព សេវាហិរញ្ញវត្ថុរបស់យើង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ កាន់តែប្រសើរឡើង ដល់ប្រជាជនកម្ពុជាទាំងអស់។ បណ្តាញដ៏រឹងមាំ របស់ក្រុមហ៊ុនទាំងពីរ នឹងផ្តល់ការផ្ទេរប្រាក់ភ្លាមៗ និងមានសុវត្ថិភាព ដែលមានសារសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជា រស់នៅក្នុងប្រទេសជប៉ុន»

ក្រុមហ៊ុន City Express ជប៉ុន និងវីង តាំងចិត្តប្រើសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់សហគមន៍។ ក្រុមហ៊ុន City Express ជប៉ុនប្តេជ្ញាផ្តល់ ដំណោះស្រាយផ្ទេរប្រាក់លឿនរហ័សគួរទុកចិត្ត និងមានសុវត្ថិភាពដល់អតិថិជនតាមរយៈបណ្តាញភ្នាក់ងារនៅទូទាំងពិភពលោក។ ដូចគ្នានេះដែរ ចក្ខុវិស័យរបស់វីង គឺផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូប នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ តាមទូរស័ព្ទជាមួយបណ្តាញភ្នាក់ងារវីង នៅទូទាំងប្រទេស៕