(ភ្នំពេញ)៖ សមាជិកក្រុមការពារតំណែងជើងឯកបឹងកេត ៣រូបរួមមានកីឡាករ ហុង ផេង, ស្លេះ ស៊េន និង លឹម អារុណ បានត្រឡប់ចូលទីលានហ្វឹកហាត់ជាបណ្ដើរៗហើយ បន្ទាប់ពីធូរស្រាលច្រើនពីរបួស ដែលប៉ះទង្គិចមុនបើកការប្រកួតរដូវកាលថ្មី ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់គ្រូពេទ្យប្រចាំក្លិប នៅលើគេហទំព័រផ្លូវការរបស់ក្រុមជើងឯកលីគ ៤សម័យកាលនេះ។

លោក ហ៊ុន ប៉េងឡុង គ្រូពេទ្យប្រចាំក្លិបនាគខៀវខាងលើបានបញ្ជាក់ថា ខ្សែការពារ ស្លេះ ស៊េន បានប្រសើរឡើងប្រមាណ ៩៥%ហើយ ខណៈបច្ចុប្បន្នរូបគេអាចចូលហាត់ជាមួយក្រុមបានវិញហើយ គ្រាន់តែត្រូវការពេលប្រមូលកម្លាំងឡើងវិញប៉ុណ្ណោះ។ រីឯខ្សែបម្រើកូនកាត់ខ្មែរ-នូវែលសេឡង់ លឹម អារុណ ក៏ស្រដៀងគ្នាដែរ គេបានប្រសើរឡើងត្រចំណុចកជើង និងអាចត្រឡប់មកហ្វឹកហាត់ជាមួយក្រុមបានវិញហើយ។

ចំណែកខ្សែការពារដ៏មានបទពិសោធ ហុង ផេង ដែលទទួលការវះកាត់ជង្គង់ឆ្វេងកាលពីដើមខែតុលា ឆ្នាំ២០២០ មកទល់ពេលនេះ របួសក៏វិវត្ដន៍បានល្អប្រសើរច្រើនដែរ ពោលគឺគេត្រូវការពេលប្រមាណ ៣ខែទៀត មានន័យថា នៅដល់មខែមិថុនា ទើបគេអាចចូលហាត់វិញបាន។ ប៉ុន្ដែដាច់ខែមីនានេះ ហុង ហេង ក៏អាចចូលហាត់ផ្ស៊ាំៗវិញជាមួយក្រុមបណ្ដើរៗបានដែរ។

គួរដឹងថា ហុង ផេង បានរងរបួសភ្លាត់សរសៃជង្គង់ឆ្វេងតាំងពីចុងខែកញ្ញា ឆ្នាំ២០២០ ដែលបង្ខំឲ្យគេត្រូវវះកាត់ជង្គង់ជាលើកទី២ ក្នុងអាជីពរបស់ខ្លួន។ ឯកីឡាករ ស្លេះ ស៊េន បានរងរបួសសរសៃពួរជង្គង់ខាងក្នុង អំឡុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីជាមួយភ្នំពេញក្រោន ខណៈកីឡាករ លឹម អារុន បានរងរបួសស្រាំឆ្អឹងកជើង អំឡុងពេលហ្វឹកហាត់ត្រៀមរដូវកាលថ្មី បន្ទាប់ពីគេត្រូវបានដំឡើងមកលេងក្រុមធំបឹងកេត៕