(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានទិញក្រុមហ៊ុនបច្ចេកវិទ្យា AI ច្រើនជាងគេបំផុតនៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ជាមួយនឹងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន iMore នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

ស្ថាប័នស្រាវជ្រាវ GlobalData បានបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ ក្រុមហ៊ុន Apple បានចំណាយទឹកច្រើនជាងគេបំផុត ដើម្បីទិញក្រុមហ៊ុនបច្ចេកវិទ្យា AI បើធៀបជាមួយនឹងក្រុមហ៊ុន Google, Facebook និង Microsoft។

ស្ថាប័នខាងលើបានបង្ហាញទៀតថា មានក្រុមហ៊ុនបច្ចេកវិទ្យាប្រមាណ ៦០ ត្រូវបានលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗទាំង៤ ដោយក្នុងនោះ មានជាង ៣០ក្រុមហ៊ុន ត្រូវបានលក់ទៅឱ្យ Apple។

ក្រុមអ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុន AI ដែល Apple បានទិញភាគច្រើនគឺដើម្បីជួយពង្រីងទៅលើសមត្ថភាពរបស់មុខងារ Siri។

គួរបញ្ជាក់ផងដែរថា នៅមុននេះ លោក Tim Cook នាយកប្រតិបត្តិរបស់ Apple បានប្រកាសថា នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បានទិញក្រុមហ៊ុនបច្ចេកវិទ្យាតូចធំ ប្រមាណ ១០០៕