(ភ្នំពេញ)៖ ស្វាមីពិធីការិនីស្ថានីយទូរទស្សន៍ហង្សមាស ប៉ែន ស្រីពេជ្រ គឺលោក ឆេង ពន្លកនេត្រា បានជាសះស្បើយពីជំងឺកូវី១៩ហើយ នៅថ្ងៃនេះ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និងបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃទៀត នៅឯគេហដ្ឋានរបស់ខ្លួន។

អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហោះសារក្នុងបណ្តាញសង្គមរបស់ខ្លួននៅថ្ងៃនេះថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំបានចត្តាឡីស័ក នៅផ្ទះ១៤ថ្ងៃរួចរាល់ ហើយក៏បានរង់ចាំរយៈពេល៣ថ្ងៃបន្ថែម សម្រាប់ការចេញលទ្ធផល ធ្វើតេស្តរកមេរោគ COVID-19 ពេលនេះខ្ញុំទទួលបានលទ្ធផលតេស្តហើយ គឺ(អវិជ្ជមាន)
ហើយសម្រាប់ស្វាមីនាងខ្ញុំបានជាសះស្បើយហើយ អាចត្រឡប់មកផ្ទះវិញបានថ្ងៃនេះហើយ ២៦/០៣/២០២១»។

ប៉ែន ស្រីពេជ្រ បន្តថា «សូមអរគុណលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ដែលបានខិតខំថែរក្សាស្វាមីរបស់នាងខ្ញុំ រហូតដល់ជាសះស្បើយ។ មន្ទីរពេទ្យរបេង (ក្រោយសាលាយុគន្ធរ) ហើយនាងខ្ញុំនៅតែប្រកាន់ខ្ជាប់នូវការការពារ នឹងអនុវត្តន៍ នូវអនុសាសន៍ ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលជាបន្តទៀត គឺ ៣កុំ ៣ការពារ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល នាងខ្ញុំសូមជូនពរបងៗ និងប្អូនៗសិល្បករ ក៏ដូចជាប្រជាជនខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ឲ្យឆាប់ជាសះស្បើយ ឆាប់បានត្រឡប់ទៅគេហដ្ឋានទាំងអស់គ្នា..!»

សូមជម្រាបថា ស្វាមីរបស់ពិធីការិនី ប៉ែន ស្រីពេជ្រ គឺលោក ឆេង ពន្លកនេត្រា ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅសណ្ឋាគារ Great Duke ខណៈរហូតមកដល់នឹងពេលនេះ បានជាសះស្បើយវិញហើយ៕