(ភ្នំពេញ)៖ ពិធីការិនីផ្នែកកំសាន្តរបស់ស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល បានបញ្ជាក់ថា ខ្លួនបានជាសះស្បើយពីជំងឺដ៏កាច់សាហាវកូវីដ-១៩ហើយ ប៉ុន្តែនៅបន្តធ្វើចត្តាឡីស័កនៅផ្ទះបន្ថែមទៀត ដើម្បីឲ្យប្រាកដពីស្ថានភាពសុខភាពរបស់ខ្លួន។

ពិធីការិនីសម្បូរវោហាស័ព្ទ កែវ ចាន់និមល បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ដោយក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ប៉ុន្តែនៅបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនបន្តទៀត។

អ្នកនាង កែវ ចាន់និមល បានបន្តថា អំឡុងពេលសម្រាកព្យាបាលកូវីដ-១៩ អ្នកនាងសង្កេតឃើញថា ក្រុមគ្រូពេ ទ្យមានការយកចិត្តទុកដាក់ទៅលើអ្នកជំងឺយ៉ាងខ្លាំង ដោយមិនប្រកាន់ឋានៈនោះឡើយ ពោលគឺធ្វើយ៉ាងណាឲ្យតែអ្នកជំងឺបានធូរស្បើយ និងឆាប់ជាឡើងវិញ។

គួររំឭកថា ពិធីការិនីហង្សមាស កែវ ចាន់និមល ត្រូវបានគេដឹងថា បានរកឃើញឆ្លងកូវីដ-១៩ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ ដោយមានការចូលរួមលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រ និងមិត្តរួមសិល្បៈ ព្រមទាំងក្រុមការងារផងនោះ បានធ្វើឲ្យពិធីការិនីរូបនេះ មានកំលាំងចិត្តក្នុងការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវមួយនេះ រហូតបានជាសះស្បើយ៕