(ភ្នំពេញ)៖ វ៉ាក់សាំងប្រភេទ Sinovac របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន១,៥លានដូស ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីមិត្តចិន បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern។

វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ឬគេហៅជាទូទៅថាវ៉ាក់សាំង Sinovac ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសចិន កាលពីថ្ងៃទី០៦ ខែកុម្ភៈហើយប្រទេសជាច្រើនផ្សេងទៀតក៏បានអនុម័តឱ្យប្រើប្រាស់ជាបន្តបន្ទាប់ផងដែរ។

* ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Sinovac

Sinovac គឺជាក្រុមហ៊ុនឯកជនចិនមួយមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង និងត្រូវបានចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិក NASDAQ។ Sinovac ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០១ ដោយលោក Yin Weidong ដែលបច្ចុប្បន្នជា CEO ក្រុមហ៊ុនចិនមួយនេះ។ Sinovac ជាក្រុមហ៊ុនជំនាញខាងផលិតឱសថ និងវ៉ាក់សាំង ហើយ ធ្លាប់បានអភិវឌ្ឍបានដោយជោគជ័យនូវវ៉ាក់សាំងមួយចំនួនដូចជា វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ A និង B, វ៉ាក់សាំងគ្រុនផ្ដាសាយ influenza, វ៉ាក់សាំង ផ្ដាសាយជ្រូក, ផ្ដាសាយបក្សី រួមទាំងវ៉ាក់សាំង COVID-19។

Sinovac ជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលទទួលបានការអនុម័ត លើការប្រើប្រាស់វ៉ាក់សាំងផ្ដាសាយជ្រូកក្នុងឆ្នាំ២០០៩ ហើយនៅតែជាក្រុមហ៊ុន តែមួយគត់ដែលនៅបន្តផ្គត់ផ្គង់វ៉ាក់សាំងផ្ដាសាយបក្សី។

* វ៉ាក់សាំង Sinovac ដំណើរការដូចម្ដេច?

ដើម្បីផលិតវ៉ាក់សាំង CoronaVac ប្រឆាំង COVID-19 ក្រុមអ្នកស្រាវជ្រាវក្រុមហ៊ុនចិន Sinovac បានចាប់ផ្ដើមប្រមូលសំណាកវីរុសកូរ៉ូណា SARS-CoV-2 ពីអ្នកជំងឺជាច្រើននាក់នៅក្នុងប្រទេសចិន, ចក្រភពអង់គ្លេស, អ៉ីតាលី, អេស្ប៉ាញ និងស្វីស។ សំណាកមួយត្រូវបានយកចេញពីអ្នកជំងឺម្នាក់ក្នុងប្រទេសចិន ត្រូវបានប្រើប្រាស់មូលដ្ឋានក្នុងការផលិតវ៉ាក់សាំង។

វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac អភិវឌ្ឍឡើងដោយ «ប្រើបច្ចេកវិទ្យាវីរុសងាប់» (inactivated vaccine ឬ killed viral) ដើម្បីដាស់ឱ្យប្រព័ន្ធសុំា នៃរាងកាយផលិតអង់ទីករប្រឆាំងនឹងវីរុសកូរ៉ូណា COVID-19។ ពោលវ៉ាក់សាំងនេះស្រដៀងគ្នាទៅនឹងវ៉ាក់សាំងផ្ដាសាយដែរ។ លោក Luo Dahai ជាសាស្រ្តាចារ្យម្នាក់មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang (Nanyang Technological University) បាននិយាយថា ការប្រើ «បច្ចេកវិទ្យាវីរុសងាប់» គឺជាវិធីសាស្ត្រជាលក្ខណៈប្រពៃណីក្នុងការផលិតវ៉ាក់សាំង។

«វ៉ាក់សាំង CoronaVac ត្រូវបានអភិវឌ្ឍឡើងដោយប្រើវិធីសាស្ត្រជាលក្ខណៈប្រពៃណីក្នុងការ ផលិតវ៉ាក់សាំងដែលទទួលបានជោគជ័យជាច្រើននាពេលកន្លងមក ក្នុងនោះមានដូចជាការផលិតវ៉ាក់សាំងឆ្កែឆ្កួតជាដើម»។ នេះជាការគូសបញ្ជាក់របស់លោក Luo Dahai នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី០៣ ខែមីនាកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវតួកគីបានឱ្យដឹងថា ការធ្វើតេស្ដវ៉ាក់សាំង CoronaVac ទ្រង់ទ្រាយធំដំណាក់កាលទី៣លើមនុស្ស ក្នុងប្រទេសតួកគីបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៨៣.៥ភាគរយ ខណៈនៅក្នុងការធ្វើតេស្ដនៅប្រេស៊ីលមានប្រសិទ្ធភាព ៥០.៤ភាគរយ និងមាន៦៥.៣ភាគរយនៅក្នុងការធ្វើតេស្ដដំណាក់កាលទី៣ នៅឥណ្ឌូណេស៊ី។ CoronaVac ត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពចំពោះមនុស្សមានអាយុចាប់ពី១៨ ដល់៥៩ឆ្នាំ។ តែបច្ចុប្បន្ន ក្រុមហ៊ុន Sinovac កំពុងបន្តការសិក្សា និងការស្រាវជ្រាវបន្ថែមដោយកាលពីសប្ដាហ៍មុន Sinovac បានអះអាងថា ទិន្នន័យ នៃការតេស្ដដំណាក់កាលទី១ និងទី២ បង្ហាញថា វ៉ាក់សាំងរបស់ខ្លួនមានសុវត្ថិភាព និងមានសមត្ថភាពបង្កើតភាពសុំាសម្រាប់កុមារ និងមនុស្សវ័យជំទង់។

ដោយឡែក បើនិយាយការស្ដុកទុកវិញ CoronaVac មានភាពងាយស្រួលរក្សាទុក បើធៀបទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ឬក្រុមហ៊ុន Moderna ដោយវ៉ាក់សាំងចិននេះអាចរក្សាទុកក្នុងសីតុណ្ហភាពពី២ ទៅ៨អង្សាសេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Sinovac បានផ្គត់ផ្គង់វ៉ាក់សាំង CoronaVac ជាង១៦០លានដូសហើយទៅកាន់បណ្ដាប្រទេសចំនួន១៨ និងតំបន់ជាច្រើននៅក្នុងប្រទេសចិន។ ប្រទេសដែលបានអនុម័តឱ្យប្រើប្រាស់ CoronaVac ក្នុងនោះរួមមាន កម្ពុជា, ឥណ្ឌូណេស៊ី, ថៃ, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, តួកគី, ប្រេស៊ីល, បូលីវី, ស៊ីលី និងអ៊ុយក្រែនជាដើម៕

ប្រភព៖ BBC, CNA (ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១)