(ក្រុងឡុងដ៍)៖ Marcus Rashford និង Bayako Saka ត្រូវបានដកឈ្មោះចេញពីជម្រើសជាតិអង់គ្លេសក្នុងជំនួបទល់នឹងអាល់បានី និងប៉ូឡូញនៃវគ្គជម្រុះ World Cup 2022 ដោយសារបញ្ហារបួស។ នេះបើយោងតាមចេញផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ នេះ។
ខ្សែប្រយុទ្ធទាំងពីរខាងលើនេះ ក៏បានខកខានប្រកួតពេលអង់គ្លេសបំបាក់សាំងម៉ារ៉ាំង ៥-០ នៅថ្ងៃបើកឆាកផងដែរនៅកីឡដ្ឋាន Wembley មុនបន្តខកខាន ២ប្រកួតថែមទៀតនៃវគ្គសន្សំពិន្ទុប្រចាំពូល I ទល់នឹងអាល់បានី និងប៉ូឡូញ។
កន្លងមកកីឡាករដែលត្រូវបានជ្រើសចេញពីក្លិបបិសាចក្រហម Manchester United, Marcus Rashford វ័យ ២៣ឆ្នាំ បានចូលលេង ៤០ប្រកួតមកហើយក្រោមការបង្វឹករបស់លោក Gareth Southgate មុនពេលទទួលរងរបួសជើងនៅអំឡុងពេលហ្វឹកហាត់ជាមួយជម្រើសជាតិតោកំណាចអង់គ្លេស និងបានវិលត្រឡប់ទៅទឹកដី Old Trafford វិញហើយ។
ចំណែកឯកមិត្តរួមជាតិ Saka ដែលមានវ័យ ២១ឆ្នាំកោះហៅពីក្លិបកាំភ្លើងធំ Arsenal វិញ ក៏បានរងរបួសសរសៃពួរនៅអំឡុងពេលហ្វឹកហាត់ដូចគ្នាដែលបន្តអវត្តមានពេលអង់គ្លេសប៉ះអាល់បានីថ្ងៃអាទិត្យ និងជួបប៉ូឡូញ នៅរាត្រីថ្ងៃពុធសប្តាហ៍ក្រោយនៃវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អឺរ៉ុប៕