(អាំស្ទើដាំ)៖ Virdil van Dijk ដែលជាខ្សែការពារកណ្តាលដ៏សំខាន់ក្នុងក្លិប Liverpool នោះ បានស្ថិតក្នុងភាពស្រពិចស្រពិលក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិទឹកក្រូចហូឡង់លេងនៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 ដោយសាររបួសជង្គង់មិនទាន់ជាសះស្បើយ។

កីឡាករវ័យ ២៩ឆ្នាំខាងលើនេះ បានរងរបួសជង្គង់ជាទម្ងន់កាលពីខែតុលា ឆ្នាំ២០២០ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Jordan Pickford របស់ក្លិប Everton និងក្រុមជម្រើសជាតិអង់គ្លេសដែលធ្វើឲ្យ Van Dijk មិនទាន់បានវិលចូលទីលានវិញទេរហូតមកទល់នឹងពេលនេះ។

Van Dijk ក៏បានអវត្តមានប្រកួតបើកឆាកវគ្គជម្រុះ World Cup 2022 នៅដើមសប្តាហ៍នេះ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះតួកគី ក្នុងលទ្ធផល ៤-២ ផងដែរ។

ទាក់ទងនឹងបញ្ហានេះ លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool ក៏បានថ្លែងដោយឈឺក្បាលផងដែរ នៅពេលអ្នកសារព័ត៌មានសួរពីថ្ងៃវិលត្រឡប់របស់ Virgil van Dijk ដ្បិតមិត្តរួមជាតិ Matthijs de Ligt ដែលកំពុងលេងឲ្យក្លិប Juventus ក៏បានលើកឡើងថា «វាស្ថិតនៅលើការសម្រេចចិត្តរបស់ Van Dijk ប៉ុណ្ណោះថាតើលេងបាន ឬយ៉ាងណា»