(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ចិន Xiaomi Corp ត្រូវបានគេរាយការណ៍មកថា គ្រោងផលិតរថយន្តអគ្គិសនី (EV) ដោយប្រើ សហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Great Wall Motor Co Ltd ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

ប្រភពដែលជិតស្និទ្ធបានប្រកាសបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Xiaomi នឹងប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុន Great Wall ក្នុងការផលិតរថយន្ត អគ្គិសនីនេះ ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយការចំណាយ និងងាយស្រួលក្នុងការផលិតបានលឿន ចាប់បានដាក់ចូលទីផ្សារ ប៉ុន្តែគេមិនបាន ដឹងថា ក្រុមហ៊ុន Xiaomi នឹងប្រើស្លាកសញ្ញា Xiaomi ឬស្លាកសញ្ញាថ្មីសម្រាប់រថយន្តអគ្គិសនីនេះនោះទេ។

ក្រោយពី ធ្លាយចេញព័ត៌មាននេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានកើនឡើង ៩ភាគរយភ្លាមៗ ខណៈដែលតម្លៃភាគហ៊ុន របស់ ក្រុមហ៊ុន Great Wall ក៏បានហក់ឡើងរហូតដល់ ១៥ភាគរយផងដែរ ទាំងនៅផ្សារហ៊ុនហុងកុង និង ស៊ាងហៃ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នចិន គឺជាទីផ្សាររថយន្តអគ្គិសនីមួយដ៏ធំបន្ទាប់ពីអឺរ៉ុប ខណៈដែល Xiaomi ជាក្រុមហ៊ុនស្មាតហ្វូនដែលធំមួយ ក្នុង ចំណោម ក្រុមហ៊ុនធំៗទាំង៤៕