(ភ្នំពេញ)៖ ខ្សែបម្រើក្លិបភ្នំពេញក្រោន Yudai Ogawa បានបញ្ជាក់ថា ការប្រកួតក្រៅដីជាមួយក្រុមគិរីវង់សុខសែនជ័យ មិនងាយស្រួលក្នុងការប្រជែងយក ៣ពិន្ទុឡើយ ទោះបីប្រកួតបើកឆាក ភ្នំពេញក្រោនបានយកឈ្នះក្រុមសូលទីឡូអង្គរដល់ទៅ ៧-១ ក៏ដោយ។

ការលើកឡើងនេះ ស្របពេលអតីតក្រុមជើងឯក ៦សម័យភ្នំពេញក្រោនត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមមាន់គកគិរីវង់សុខសែនជ័យ នាម៉ោង ៣៖៣០នាទីរសៀលថ្ងៃសៅរ៍នេះ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ ក្នុងជំនួបសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១។

អតីតសមាជិកក្រុមកងយោធពលខេមភូមិន្ទ និងក្រុមអង្គរថាយហ្គឺរ Yudia Ogawa បានបញ្ជាក់ថា «វាអាចជាការលំបាកក្នុងការប្រកួតជាមួយគីរីវង់នៅទឹកដីរបស់ពួកគេ ប៉ុន្តែទោះក្នុងកាលៈទេសៈណាក៏ដោយ យើងនឹងបង្ហាញពីគុណភាពនៃការលេងបាល់ទាត់របស់ពួកយើង»។

ជាការពិតរដូវកាលថ្មីនេះ គិរីវង់ត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ដោយការនាំចូលកីឡាករល្អៗមួយចំនួន ពិសេសខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Douglas Rosa Tardin ដែលជាកីឡាករដ៏គ្រោះថ្នាក់របស់គូប្រកួត។ ហេតុនេះ វាអាចជាកត្ដាមួយ ដែលនាំឲ្យ Yudai គិតថា មិនងាយស្រួលសម្រាប់ការប្រកួតថ្ងៃនេះ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះ គឺអតីតខ្សែប្រយុទ្ធជម្រើសជាតិ U21 អ៊ុយក្រែន Valeriy Hryshyn ដែលនឹងបង្ហាញខ្លួនលើកដំបូង ដើម្បីជួយក្រុមថ្មីរបស់ខ្លួន គឺក្លិបសិង្ហក្រហមភ្នំពេញក្រោន បន្ទាប់ពីរូបគេបានផ្ទេរមកពីក្របខណ្ឌលីគទី២ អ៊ុយក្រែន និងខកខានជួយក្រុមក្នុងប្រកួតបើករដូវកាលថ្មី ដោយសារជាប់ធ្វើចត្ដាឡីស័ក។

នេះគឺជាការប្រកួតសប្ដាហ៍ទី៤ តែសម្រាប់ភ្នំពេញក្រោន ទើបឆ្លងកាត់ ១ប្រកួតប៉ុណ្ណោះ ដោយយកឈ្នះក្រុមសូលទីឡូអង្គរ ៧-១ កាលពីប្រកួតបើករដូវកាលថ្មី ហើយមាន ៣ពិន្ទុស្មើគ្នាជាមួយក្រុមគិរីវង់សុខសែនជ័យដែរ តែក្រុមមាន់គកគិរីវង់ បានឆ្លងកាត់ ២ប្រកួតហើយ ដោយប្រកួតទី១ ឈ្នះក្រុមភ្ញៀវអាស៊ីអឺរ៉ុប ៤-២ ខណៈប្រកួតទី២ ចាញ់ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-០៕