(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ ខេមបូឌា និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម បានបញ្ចប់យុទ្ធនាការលើកកំពស់ការយល់ដឹងពីជំងឺមហារីកសុដន់ «Fit For Hope» ដោយជោគជ័យ។ យុទ្ធនាការនេះ គឺផ្តោតទៅលើការអប់រំ និងបង្កើនការយល់ដឹងពីជំងឺមហារីកសុដន់។

យុទ្ធនាការនេះបានចាប់ផ្តើមតាំងពីខែតុលាឆ្នាំមុន និងបានសហការជាមួយមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តី សង្ឃឹម។ យុទ្ធនាការនេះធ្វើឡើងតាមរយៈអ៊ីនធើណេតដើម្បីផ្សព្វផ្សាយការអប់រំ និងចំណេះដឹងលើប្រធានបទទាក់ទងនឹងជំងឺមហារីកសុដន់ដូចជា៖ រោគសញ្ញា របៀបពិនិត្យដោយខ្លួនឯង ប្រភេទនៃជំងឺ ជម្រើសព្យាបាល និងអត្ថប្រយោជន៍នៃការរកឃើញជំងឺនេះនៅដំណាក់កាលដំបូង ដែលផ្តល់ឱកាសខ្ពស់ក្នុងការជាសះស្បើយឡើងវិញ។
សកម្មភាពលើកកម្ពស់ការយល់ដឹងជាសាធារណៈដែលរៀបចំឡើងដោយ អេអាយអេ ខេមបូឌា និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមរួមមាន៖ វីដេអូអប់រំជាច្រើន ការពិនិត្យជំងឺមហារីកសុដន់ឥតគិតថ្លៃ និងការពិគ្រោះយោបល់ផ្នែកសុខភាព និងការចេញបទចម្រៀងផ្លូវការសម្រាប់យុទ្ធនាការនេះ។

យុទ្ធនាការលើកកំពស់ការយល់ដឹងពីជំងឺមហារីកសុដន់ «Fit For Hope» មិនត្រឹមតែផ្តល់ការយល់ដឹងពីជំងឺមហារីកសុដន់ ការប្រឹក្សា និងពិនិត្យប្រកបដោយគុណភាពនោះទេ ថែមទាំងបានរៃអង្គាសពីសប្បុរសជន បូករួមនឹងការបរិច្ចាគពី អេ អាយ អេ បានប្រាក់សរុបចំនួន ៦០,០០០,០០០ រៀល សម្រាប់ជួយដល់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមផងដែរ។

លោកស្រី ខៀវ វរៈច័ន្ទ នាយិការផ្នែកទីផ្សារក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានប្រគល់ថវិកាទៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ហើយលោកស្រីក៏បានថ្លែងអំណរគុណដល់មន្ទីរពេទ្យ និងសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយយុទ្ធនាការនេះ។

លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានថ្លែងថា «ចំណេះដឹងគឺជាអំណាចហើយយើងសង្ឃឹមថា Fit for Hope បានដើរតួនាទីយ៉ាងសំខាន់ដើម្បីផ្តល់ការយល់ដឹងពីជំងឺនេះដល់ សាធារណៈជន និងជាពិសេសស្ត្រីគ្រប់មជ្ឈដ្ឋាន ឲ្យដឹងពីការកំណត់រោគសញ្ញា កត្តាហានិភ័យ វិធានការការពារ និងទទួលការព្យាបាលទាន់ពេលវេលា»

លោកស្រីបានបន្តទៀតថា យុទ្ធនាការលើកកំពស់ការយល់ដឹងពីជំងឺមហារីកសុដន់ Fit For Hope នឹងមិនទទួលបានជោគជ័យដ៏លើសលប់បែបនេះទេ បើគ្មានការគាំទ្រខ្លាំងពីសប្បុរសជនគ្រប់រូបដែលបានរួមគ្នាសម្រាប់បុព្វហេតុរួមមួយទោះបីជាកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុដោយសារបញ្ហា Covid-19 ក៏ដោយ។

អេ អាយ អេ ខេមបូឌា មានមោទនភាព និងមានកិត្តិយសដែលបានធ្វើការជាមួយដៃគូដ៏ល្អគឺ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។ យើងពិតជាកោតសរសើរចំពោះសកម្មភាព និងការខិតខំប្រឹប្រែងរបស់មន្ទីរពេទ្យណាស់ ដោយចូលរួមក្នុងការបង្កើនការយល់ដឹងពីជំងឺមហារីកសុដន់ផង រួមទាំងបន្តផ្តល់ការតាមដាន និងព្យាបាលឥតគិតថ្លៃ ដើម្បីកាត់បន្ថយអត្រាមរណភាពក្នុងចំណោមស្ត្រីកម្ពុជាផង។

លោកស្រី Pauline Teoh បានថ្លែងបន្ថែមថា អេ អាយ អេ ខេមបូឌា មានគោលបំណងនឹងបង្កើតយុទ្ធនាការទាក់ទងនឹងសុខភាពផ្សេងៗទៀត ដែលស្រដៀងគ្នានឹងយុទ្ធនាការនៅឆ្នាំនេះដែរ ហើយសង្ឃឹមថា នឹងមានការចូលរួមរបស់ប្រជាជនកម្ពុជាកាន់តែច្រើនជាមួយគំនិតផ្តួចផ្តើមរបស់យើង ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូល។

យោងតាមការសិក្សារបស់ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) របស់អង្គការសុខភាពពិភពលោក កាលពីខែធ្នូឆ្នាំមុន អត្រាជំងឺមហារីកសុដន់មានចំនួនច្រើនជាងជំងឺមហារីកសួត និងជាជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញច្រើនជាគេបំផុតនៅលើពិភពលោក។ ជំងឺមហារីកសុដន់ក៏ជាជំងឺមហារីកនៅលេខរៀងទី ២ នៅប្រទេសកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ IARC និយាយថា ករណីជំងឺនេះមានទៅដល់ ១៨៧៧ ករណីត្រូវបានរាយការណ៍នៅក្នុងឆ្នាំ ២០២០ ដែលមានចំនួន ១៨,៩% នៃករណីមហារីកថ្មីទាំងអស់ ចំពោះស្ត្រីកម្ពុជាគ្រប់វ័យ៕