(ភ្នំពេញ)៖ ក្រុមហ៊ុន Onion Mobility Co., Ltd បានបង្ហាញរូបរាងកង់បីរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការដាក់សាកល្បងជាសាធារណៈ ទទួលបានជោគជ័យនៅរាជធានីភ្នំពេញ កាលពីដើមខែមីនា កន្លងមកនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Onion Mobility Co., Ltd ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

ឆ្លងកាត់ការដំឡើង និងសាកល្បងដ៏ជោគជ័យក្នុងរយៈពេល១០ថ្ងៃកន្លងទៅ កង់បីអគ្គិសនី Onion នឹងចាប់ផ្ដើមបង្ហាញទីតាំងបង្ហាញ (ONiON Showroom) និងសា្ថនីយ៍សាកអាគុយ (ONiON Station) របស់ខ្លួនជាបន្ដបន្ទាប់ទៀតតាមការគ្រោងទុក។

លោក ជីម ប៉ូលី ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន MVL TADA (Cambodia) Co., Ltd បានលើកឡើងថា លទ្ធផល នៃការដាក់សាកល្បង បានផ្ដល់ភាពរួចរាល់ជាស្រេចសម្រាប់ទីផ្សារកម្ពុជា ជាមួយនឹងផលិតផលដែលមានមានគុណភាពខ្ពស់ និងភាពច្នៃប្រឌិត។

លោកបន្ថែមថា ក្រុមហ៊ុន Onion Mobility Co., Ltd ជាបុត្រសម្ព័ន្ធមួយ ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ MVL TADA (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម កក់ យានជំនិះ ធ្វើដំណើរនៅកម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (TADA App)។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរ គឺនៅក្រោមក្រុមហ៊ុន MVLLABS Pte Ltd (MVL) ដែលមានទីតាំងនៅប្រទេសសឹង្ហបុរី។ ចំណែកឯកង់បីអគ្គិសនី ONiON ត្រូវបានរចនារូបរាង និងបញ្ចេញគំនិតឡើង (Develop) នៅប្រទេសកូរ៉េ។

ជាមួយគ្នានេះ លោក Kay Woo ជានាយកប្រតិបត្ដិរបស់ក្រុមហ៊ុន Onion Mobility Co., Ltd បានបង្ហាញឆន្ទៈរបស់ខ្លួនថា នេះជាការនាំយកមកនូវ ភាពពេញនិយមក្នុងការប្រើប្រាស់ កង់បីអគ្គិសនី នៅក្នុងប្រទេសកម្ពុជា តាមរយៈការផលិតយានជំនិះ ដែលមានសេវាកម្មប្រកួតប្រជែង ភ្ជាប់ជាមួយមធ្យោបាយ កក់ការធ្វើដំណើរ TADA។ ក្នុងពេលជាមួយគ្នានោះផងដែរ យើងក៏បង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចជួយផ្នែកសេដ្ឋកិច្ច ដល់អ្នកបើកកង់បីផងដែរ។

លោក ជីម ប៉ូលី ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន MVL TADA (Cambodia) Co., Ltd បានគូសបញ្ជាក់ទៀតថា «ការបង្ហាញរូងរាងកង់បីអគ្គិសនី Onion ជាផ្លូវការ នៅលើទីផ្សារកម្ពុជា នឹងរួមចំណែកបង្កើនប្រាក់ចំណូលជូនដល់អ្នកបើកបរ បង្កើតការធ្វើដំណើរដោយផាសុកភាពសម្រាប់អ្នកដំណើរ បង្កើតការងារ ក៏ដូចជាគុណភាពក្នុងការរស់នៅរបស់សហគមន៍ទាំងមូល។ ពួកយើងនឹងព្យាយាមក្លាយខ្លួនជាយានជំនិះដែលអាចជួយ អ្នកទាំងអស់គ្នា កំឡុងពេលនៃការ រាតត្បាតសកល នៃមេរោគ Covid19 នេះ»

កង់បីអគ្គិសនីដំបូងគេនេះ បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ ជាពិសេសគឺ អ្នកបើកបរកង់បីនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ដោយសារកង់បីនេះ ជាកង់បីដំបូងដែលប្រើប្រាស់អគ្គិសនី ជួយកាត់បន្ថយការចំណាយរបស់អ្នកបើក ផ្ដោតលើគុណភាពយូរអង្វែង មានរូបរាងទំនើប មានសម្លេងស្ងាត់ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

កង់បីអគ្គិសនី ONiON ត្រូវបានដំឡើងនៅក្នុងខេត្ដកណ្ដាល មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ដោយមានទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។ កង់បីប្រើថាមពលអគ្គិសនីនេះ មានសមត្ថភាពអាចជិះបាន ១១០គីឡូម៉ែត្រ រាល់ពេលសាកអាគុយម្ដង ស្មើរនឹងតម្លៃ ០.០២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ ឬ៦០ដុល្លារក្នុងមួយខែ៕

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់គេហទំព័រផ្លូវការរបស់៖ http://onionev.com