(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែមីនានេះ តារាកំប្លែង ស្រីអ៉ីត ចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ បានរយៈពេល១៦ថ្ងៃហើយ ខណៈថ្ងៃនេះនាងបានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់នាង គឺមានភាពប្រសើរឡើងច្រើនជាងមុន ដោយបរិភោគអាហារដឹងរសជាតិ។ នាងថា អំឡុងពេលព្យាបាលជំងឺកូវីដ-១៩នេះ គឺមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយ៉ាងខ្លាំង។

តារាកំប្លែងស្រីអ៉ីត បានថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី២៧ ខែមីនា នេះថា គិតរហូតមកទល់នឹងពេលនេះ គឺមានរយៈពេល១៦ហើយ ដែលបានចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ ហើយសង្កេតឃើញថាសុខភាពគឺមានការប្រសើរឡើងច្រើន ដោយអាចបរិភោគបាយវិញបានធម្មតា ដែលនេះដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ។

ស្រីអ៉ីត បាននិយាយថា «ចា៎បង! ខ្ញុំបានធូរស្រាលច្រើន បានញ៊ាំបាយវិញបានធម្មតា ហើយនឹងញ៊ាំអីដឹងរសជាតិវិញ។ រយៈពេល១៦ថ្ងៃ គឺមានការមើលថែយកចិត្តទុកដាក់ពីលោកគ្រូពេទ្យអ្នកគ្រូពេទ្យ យើងញ៊ាំថ្នាំ ញ៊ាំបាយ ហាត់ប្រាណ និយាយទៅយើងធ្វើអ្វីតាមការណែនាំរបស់អ្នកគ្រូពេទ្យ លោកគ្រូពេទ្យ គឺយើងឆាប់បានជាលឿន»

តារាកំប្លែងរូបនេះ បានថ្លែងបន្ថែមថា «អ្វីដែលសំខាន់មួយទៀតនោះ គឺមានការយកចិត្តទុកដាក់ សម្តេចពុក សម្តេចម៉ែ ក៏ដូចជាបងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ គឺលះបង់កំលាំងកាយកំលាំងចិត្តអស់ហើយ និយាយរួមថា ខំប្រឹងប្រែងមើលថែពួកខ្ញុំឲ្យឆាប់ជាសះស្បើយ ឆាប់បានទៅផ្ទះវិញ»

គួរជម្រាបថា តារាកំប្លែងរបស់ស្ថានីយទូរទស្សន CTN ស្រីអ៉ីត ត្រូវបានរកឃើញថា កើតជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរូបនាងធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀង វី ឌីណែត៕