(អាំស្ទើដាំ)៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ រកបាន ៣ពិន្ទុដំបូងក្នុងវគ្គជម្រុះ FIFA World Cup 2022 តាមរយៈយកឈ្នះក្រុមភ្ញៀវឡាតវី (Latvia) ក្នុងលទ្ធផល ២-០ នៅពីមុខអ្នកគាំទ្រប្រមាណជាង ៥០០០នាក់នារាត្រីថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

ទឹកក្រូចហូឡង់ ដែលជាក្រុមបានអវត្តមានពី World Cup 2018 នៅប្រទេសរុស្ស៊ីនោះ រកបានជ័យជម្នះវិញនៅកីឡដ្ឋាន Cruijff Arena បន្ទាប់ពីចាញ់ម្ចាស់ផ្ទះតួកគី ៤-២ កាលពីថ្ងៃបើកឆាកប្រកួតជម្រុះប្រចាំពូល G ពីការធ្វើបានសម្រេចរបស់កីឡាករ Steven Berghuis មកពីក្លិបអាជីព Feyenoord និងមិត្តរួមក្រុមមកពីក្លិប Sevilla, Luuk de Jong។

៣ពិន្ទុក្នុងដីលើកដំបូងនេះដែរ បានធ្វើឲ្យហូឡង់ឡើងទៅឈរនៅលេខរៀងទី៣ បណ្តោះអាសន្នវិញ នៅពេលដែលតួកគី ឈ្នះជាលើកទី២ ទៅលើម្ចាស់ផ្ទះន័រវេស ៣-០ ឈរនៅកំពូលតារាង គ្រាដែលក្រុមលេខ២ ម៉ុងតេនីក្រូបានបំបាក់ហ្ស៊ីប្រាតា (Gibraltar) ក្នុងលទ្ធផល ៤-១ នៅរាត្រីថ្ងៃសៅរ៍ដូចគ្នា៕