(អាមេរិក)៖ ក្រុមហ៊ុន Facebook បានប្រកាសឲ្យដឹងថា Facebook Page របស់ប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ត្រូវបានបិទមួយរយៈសិន ដោយសារតែបានរំលោភគោលការណ៍ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកូវីដ-១៩ បន្ទាប់ពីលោកបានអះអាងដោយគ្មានភស្តុតាងថា អាចព្យាបាលជំងឺនេះបាន។

សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ថា កាលពីខែមករាកន្លងទៅនេះ លោក ម៉ាឌូរ៉ា បានថ្លែងឲ្យដឹងថា លោកមានវិធីសាស្ត្រ ឬថ្នាំទិព្វ ដែលអាចព្យាបាលជំងឺកូរ៉ូណាបានដោយមិនមានផលប៉ះពាល់អ្វីទាំងអស់ តែលោកមិនបានបកស្រាយឲ្យច្បាស់ឡើយ ខណៈដែលអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញកំពុងដុតដៃ ដុតជើង រកថ្នាំសម្រាប់ព្យាបាល។

Facebook បាននិយាយថា វីដេអូដែលលោកបានថ្លែងនោះ ត្រូវបានលុបចោល ហើយនៅពេលនេះ Facebook Page របស់គាត់ត្រូវបានផ្អាកក្នុងរយៈពេល ៣០ថ្ងៃ ព្រោះការនិយាយរបស់លោក បានខុសពីគោលការណ៍។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ មិនទាន់រកឃើញ ឬមានថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩នៅឡើយទេ គឺមានត្រឹមតែវ៉ាក់សាំងការពារប៉ុណ្ណោះ៕