(ភ្នំពេញ)៖ ប្រិយមិត្តធ្លាប់បានឈ្វេងយល់រួចមកហើយ កាលពីអត្ថបទមុនអំពី អ្វីទៅជាបំណុលរួម ហើយប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះបំណុលរួម ក្នុងពេលដែលកំពុងរួមរស់ជាមួយគ្នា។ ចុះប្រសិនបើ ប្តីប្រពន្ធលែងលះគ្នា តើពួកគេនៅតែទទួលខុសត្រូវដោយរួមគ្នា ឬកំណត់នរណាម្នាក់ជាអ្នកទទួលបន្ទុក ឬបែងចែកបន្ទុកក្នុងការទទួលខុសត្រូវចំពោះបំណុលរួម?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីអំពី «ការទទួលខុសត្រូវចំពោះបំណុលរួមប្តីប្រពន្ធ នៅពេលលែងលះ» មកចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់ ដូចខាងក្រោម៖
នៅក្នុងការអនុវត្តជាក់ស្តែង ប្តីប្រពន្ធដែលលែងលះគ្នា ខណៈពេលដែលពួកគេត្រូវទទួលខុសត្រូវចំពោះបំណុលរួម មានករណីដែលប្តីប្រពន្ធធ្វើកិច្ចព្រមព្រៀងបែងចែកទ្រព្យសម្បត្តិរួម ដោយក្នុងនោះពួកគេព្រមព្រៀងគ្នាបែងចែកបន្ទុកទទួលខុសត្រូវចំពោះបំណុលរួមផងដែរ ដូចជាកំណត់ឱ្យប្តីជាអ្នកទទួលខុសត្រូវចំពោះបំណុលរួមតែម្នាក់ឯង ឬឱ្យប្តីប្រពន្ធទទួលបន្ទុកម្នាក់ ១ ភាគ ២ ជាអាទិ៍។ ភាគីបានស្នើសុំឱ្យតុលាការធ្វើការបែងចែកបន្ទុក ក្នុងការទទួលខុសត្រូវចំពោះបំណុលរួម (បែងចែកបំណុល) តាមការស្នើសុំ ឬតាមកិច្ចព្រមព្រៀងបែងចែកបំណុល នៅក្នុងសេចក្តីសម្រេចលែងលះ តើការព្រមព្រៀងនេះ ឬសេចក្តីសម្រេចបែងចែកបំណុលរួមមានអានុភាពតាមផ្លូវច្បាប់ ឬទេ?
សូមបង្ហាញករណីជាក់ស្តែងចំពោះអង្គហេតុមួយ ដែលមាន «ក» ជាប្តី និង «ខ» ជាប្រពន្ធ បានខ្ចីលុយធនាគារចំនួន ៥០.០០០ ដុល្លារអាមេរិក ហើយបានខ្ចីលុយពី «ឃ» ដែលជាបងស្រីរបស់ «ខ» ចំនួន ២០.០០០ ដុល្លារអាមេរិក ដើម្បីទិញដីមួយកន្លែង ហៅថា ដី «L» ដោយបច្ចុប្បន្នដីនេះ មានតម្លៃ ១០០.០០០ ដុល្លារអាមេរិក។
តាមច្បាប់បំណុលនេះ ជាបំណុលដែលប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា។ ដោយសារទំនាក់ទំនងក្នុងគ្រួសារមិនល្អឈានដល់ការបែកបាក់ដែលមិនអាចរួមរស់នឹងគ្នាបាន «ខ» បានដាក់ពាក្យបណ្តឹងលែងលះ ដោយមានទ្រព្យសម្បត្តិរួម និងបំណុលដូចតទៅ៖ ទ្រព្យសម្បត្តិរួមមាន៖ ដី L តម្លៃ ១០០.០០០ ដុល្លារអាមេរិក រថយន្តតម្លៃ ១០.០០០ ដុល្លារអាមេរិក ដី M តម្លៃ ៤០.០០០ ដុល្លារអាមេរិក ហើយមានបំណុលដែលជំពាក់ធនាគារចំនួន ៥០.០០០ ដុល្លារអាមេរិក និងបំណុលដែលជំពាក់
«ឃ» ចំនួន ២០.០០០ ដុល្លារអាមេរិក។
«ក» និង «ខ» បានព្រមព្រៀងបែងចែកទ្រព្យរួម ដូចតទៅ៖ ដី L ជាកម្មសិទ្ធិរបស់ «ខ» ដោយ «ខ» ត្រូវបង់ប្រាក់ ៥០.០០០ ដុល្លារអាមេរិកមកឱ្យ «ក» រថយន្តជាកម្មសិទ្ធិរបស់ «ក» ដី M ជាកម្មសិទ្ធិរបស់ «ក»។ អ្នកទាំងពីរ ក៏បានព្រមព្រៀងបែងចែកបំណុលដូចតទៅ៖ «ក» ត្រូវទទួលខុសត្រូវចំពោះបំណុលចំនួន ៥០.០០០ ដុល្លារអាមេរិកដែលជំពាក់ធនាគារ ហើយ «ខ» ត្រូវទទួលខុសត្រូវចំពោះបំណុលចំនួន ២០.០០០ ដុល្លារអាមេរិក ដែលជំពាក់ «ឃ» ។
ឆ្លើយតបចំពោះបញ្ហានេះ សូមបញ្ជាក់ថា ការព្រមព្រៀងបែងចែកបន្ទុកក្នុងការទទួលខុសត្រូវចំពោះបំណុលរួមរបស់ប្តីប្រពន្ធ ពុំមានអានុភាពតាមផ្លូវច្បាប់ឡើយ តុលាការមិនអាចសម្រេចតាមអ្វីដែលភាគីស្នើសុំបានទេ ពីព្រោះការទាមទាររបស់ភាគី ជាការទាមទារដែលមិនស្របច្បាប់ ហើយទោះបីជាមានករណីដែលតុលាការ សម្រេចបែងចែកបន្ទុកក្នុងការទទួលខុសត្រូវបំណុលរួមរបស់ប្តីប្រពន្ធនៅក្នុងសេចក្តីសម្រេចលែងលះក៏ដោយ ក៏សេចក្តីសម្រេចនោះពុំបង្កើតអានុភាពតាមផ្លូវច្បាប់ឡើយ។
ហេតុផលគឺ៖
*១៖ ប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយសាមគ្គីភាព (រួមគ្នា) ទោះបីជា បានធ្វើការលែងលះគ្នាក៏ដោយ ក៏នៅតែត្រូវទទួលខុសត្រូវរួមគ្នាដែរ ប្រសិនបើឱ្យប្តីប្រពន្ធ (កូនបំណុល) ធ្វើការបែងចែកបំណុលរួម ដូចជា ១ ភាគ ២ ម្នាក់ នឹងនាំឱ្យបំពានផលប្រយោជន៍របស់ម្ចាស់បំណុល (ផលប្រយោជន៍ដែលម្ចាស់បំណុលអាចប្តឹងទាមទារឱ្យទាំងប្តីទាំងប្រពន្ធឱ្យអនុវត្តកាតព្វកិច្ចទាំងអស់)
* ២៖ ការសម្រេចក្នុងការចាត់ចែងបំណុលនោះបែបណា (ទាមទារពីប្តី ទាមទារពីប្រពន្ធ ឬទាំងប្តីប្រពន្ធ ឬលើកលែងបំណុល) គឺជាសិទ្ធិសម្រេចរបស់ម្ចាស់បំណុល មិនមែនជាសិទ្ធិសម្រេចរបស់កូនបំណុលទេ ហេតុនេះប្តីប្រពន្ធជាកូនបំណុល មានកាតព្វកិច្ចសងបំណុលដោយរួមគ្នា ពុំអាចធ្វើការចាត់ចែងបំណុលនោះដោយខ្លួនឯងដោយការព្រមព្រៀងបែងចែកបំណុលបានទេ។
ប្រសិនបើ ភាគីប្តីប្រពន្ធអនុវត្តតាមកិច្ចព្រមព្រៀងនោះ ប្រហែលជាពុំមានបញ្ហាកើតឡើងទេ។ ផ្ទុយទៅវិញ ប្រសិនបើភាគីណាមួយមិនអនុវត្ត តើអាចយកកិច្ចព្រមព្រៀង ឬសេចក្តីសម្រេចរបស់តុលាការមកចងភាគីបានទេ? ផ្អែកតាមអង្គហេតុខាងលើ ប្រសិនបើ «ខ» អនុវត្តតាមខ្លឹមសារនៃការព្រមព្រៀង ដោយបានសងប្រាក់ ២០.០០០ ដុល្លារអាមេរិកទៅម្ចាស់បំណុល «ឃ» ប៉ុន្តែ «ក» មិនបានសងប្រាក់ ៥០.០០០ ដុល្លារអាមេរិកទៅធនាគារឡើយ តើធនាគារអាចទាមទារពី «ខ» បានឬទេ?
ក្នុងករណីនេះ ធនាគារនៅតែមានសិទ្ធិទាមទារប្រាក់ ៥០.០០០ ដុល្លារអាមេរិកពីប្តីប្រពន្ធ ឬពីប្តី ឬពីប្រពន្ធ ដោយលើកហេតុផលថា៖
* ១៖ វាជាបំណុលរួមដែលប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា
* ២៖ កិច្ចព្រមព្រៀងបែងចែកបំណុល ពុំមានអានុភាព ឬសេចក្តីសម្រេចអំពីការបែងចែកបំណុលមានភាពផ្ទុយច្បាប់ ហេតុនេះ «ខ» មិនអាចយកកិច្ចព្រមព្រៀង ឬ សេចក្តីសម្រេចរបស់តុលាការ មកសំអាង ដើម្បីឱ្យខ្លួនផុតពីការទទួលខុសត្រូវចំពោះបំណុលធនាគារនោះទេ៕
រៀបរៀងដោយ៖ លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់