(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋភាគច្រើន បានព្យាយាមការពារខ្លួន ដោយការធ្វើអនាម័យដៃ និងពាក់ម៉ាសជាដើម ក៏ប៉ុន្តែពួកគាត់បានភ្លេច នូវការការពារខ្លួនដ៏សំខាន់បំផុតមួយ សម្រាប់ការប្រឆាំងនឹងវីរុសកូវីដ១៩ នោះគឺការមើលថែរក្សារសុខភាពរាង្គកាយ និងផ្លូវចិត្តរបស់យើងឱ្យបានល្អបំផុត។

លោកវេជ្ជបណ្ឌិតឯកទេស ឈាង ស៊ីដេត បម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានប្រតិបត្ដិ នៃមន្ទីរសម្រាកព្យាបាលអេគីប បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «សុខភាពរាង្គកាយ និងផ្លូវចិត្ត ពិតជាមានឥទ្ធិពលយ៉ាងល្អ និងមានប្រសិទ្ធភាពបំផុត ក្នុងការទប់ទល់ទៅនឹងជំងឺឆ្លងនានា រួមទាំងមេរោគកូវីដ១៩ នេះផងដែរ»

លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា សុខភាពល្អ មានន័យថា ប្រព័ន្ធភាពស៊ាំ (Immune system) របស់យើងមានភាពខ្លាំងហើយរឹងមាំ ដែលអាចមានលទ្ធភាពឆ្លើយតប ក៏ដូចជាប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពាន របស់មេរោគផ្សេងៗ ចូលមកក្នុងរាង្គកាយរបស់យើង។

ជាពិតណាស់ ជំងឺកូវីដ១៩នេះ ជាជំងឺឆ្លងមួយប្រភេទ ដែលមានភាពកាចសាហាវ ដែលបង្កឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិតផងដែរ ដែលវាបង្កឡើងដោយពពួកមេរោគ (Microorganisms) ដែលហៅថា «Virus» (ឧទាហរណ៍៖ ដូចជា ផ្តាសាយធំ ស្អូច អ៊ុចស្វាយ និងជំងឺកញ្ជ្រិលជាដើម)។

វេជ្ជបណ្ឌិតឯកទេស ឈាង ស៊ីដេត បានបន្ដថា «ថ្វីត្បិតតែវាជាជំងឺថ្មីមួយ ដែលកាចសាហាវ តែវាជាប្រភេទ Virus infection ដូច្នេះហើយឱសថភាគច្រើន គឺបានត្រឹមតែកាត់បន្ថយភាពធ្ងន់ធ្ងរនឹងការវិឌ្ឍន៍លឿននៃជំងឺ ហើយមិនមានប្រសិទ្ធខ្ពស់ ក្នុងការព្យាបាលនោះឡើយ ក៏ប៉ុន្តែប្រពន្ធ័ភាពស៊ាំនៃរាង្គកាយរបស់មនុស្ស គឺដើរតួនាទីយ៉ាងចម្បងក្នុងការការពារ កាត់បន្ថយភាពកាចសាហាវរបស់មេរោគ និងកំចាត់ជំងឺដែលបង្កឡើងដោយ Virus ទាំងនេះយ៉ាងមានប្រសិទ្ធភាពបំផុត (ហើយពេលខ្លះដោយមិនចាំបាច់ប្រើថ្នាំពេទ្យព្យាបាលផង)»

ខាងក្រោមនេះ លោកវេជ្ជបណ្ឌិតបង្ហាញ ពីមូលហេតុនៃប្រពន្ធ័ភាពស៊ាំខ្លាំងល្អ គឺបានដោយសារ៖

* ការទទួលទាននូវអាហារ ដែលសម្បូរទៅដោយសារជាតិចិញ្ចឹមមានប្រយោជន៍ គឺសម្បូរ Vitamines, សាច់, បន្លែបៃតង និងផ្លែឈឺ។ ល។
* ទទួលទានដំណេកគ្រប់គ្រាន់ (មនុស្សពេញវ័យយ៉ាងតិច ៥ទៅ៦ម៉ោងក្នុងមួយថ្ងៃ)។
* ហាត់ប្រាណ លេងកីឡា និងបញ្ចេញសកម្មភាពរាង្គកាយជាប្រចាំថ្ងៃឱ្យបានច្រើន។

សម្រាប់ការថែរក្សារភាពរឹងមាំផ្នែកអារម្មណ៍ (ផ្លូវចិត្តល្អ) គឺ៖
* មិនគួរព្រួយបារម្ភ ខ្លាំងជ្រុលពេក
* ច្របូកច្របល់ ភិតភ័យ ស្លន់ស្លោ អំពីបញ្ហាផ្សេងៗ ឬព័ត៌មានមិនពិត និងមិនច្បាស់លាស់នោះឡើយ ដែលវាអាចបង្កអោយ មានភាពតានតឹងផ្លូវចិត្ត (Stress) ដែលអាចផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់សុខភាពទូទៅដូចជា៖ ញាំមិនបាន, គេងមិនលក់, រាង្គកាយទ្រុឌទ្រោម និងប្រព័ន្ធភាពស៊ាំចុះខ្សោយ)។

គួរចំណាំ៖ ភាពភ័យខ្លាច គឺគ្រាន់តែដើម្បីប្រយ័ត្ន និងការពារខ្លួន តែយើងត្រូវប្រើភាពវ័យឆ្លាត ដើម្បីដោះស្រាយបញ្ហាប្រសើរជាង៕