(សាគ្រីប)៖ ខ្សែបម្រើមកពីក្លិប Real Madrid, Luka Modric បានបំបែកកំណត់ត្រាចាស់របស់អតីតមិត្តរួមជាតិដែលជាខ្សែការពារ Darijo Srna ដើម្បីក្លាយជាអ្នកចូលលេងបាន ១៣៥ប្រកួតឲ្យក្រុមជម្រើសជាតិក្រឡាអុកក្រូអាតក្នុងជ័យជម្នះ ១-០ ទៅលើក្រុមកោះស៊ីប នៃវគ្គជម្រុះ FIFA World Cup 2022 នារាត្រីថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។
កីឡាករប្រធានក្រុម Modric វ័យ៣៥ឆ្នាំ ត្រូវបានកោះហៅចូលលេងក្រុមធំនៃជម្រើសជាតិក្រូអាតលើកដំបូងក្នុងឆ្នាំ២០០៦ ដោយបានលេងពេញម៉ោង ៩០នាទីទល់នឹងអាហ្សង់ទីន។
ក្នុងការបង្ហាញខ្លួនលើកទី១៣៥ របស់ Modric គឺអតីតក្រុមរងជើងឯកនៃ World Cup 2018 នៅប្រទេសរុស្ស៊ី រកបាន ៣ពិន្ទុទាំងប្រផិតប្រផើយ ពីការធ្វើបានសម្រេចរបស់កីឡាករ Mario Pasalic នៅនាទី៤០ ដែលជា ៣ពិន្ទុដំបូងប្រចាំពូល H ក្រៅពីបានចាញ់ម្ចាស់ផ្ទះស្លូវេនីក្នុងលទ្ធផលនេះដែរកាលពីថ្ងៃបើកឆាកប្រកួតជម្រុះប្រចាំទ្វីបអឺរ៉ុប (UEFA)។
តែយ៉ាងណា ក្រូអាតដែលបានឈរនៅលេខ៣ ជាបណ្តោះអាសន្ននោះ ក៏មាន ៣ពិន្ទុស្មើក្រុមលេខ២ ស្លូវេនី នៅពេលពួកគេ (ស្លូវេនី) បានចាញ់ម្ចាស់ផ្ទះរុស្ស៊ី ២-១ នៅរាត្រីថ្ងៃសៅរ៍ផងដែរ ដ្បិតរុស្ស៊ីមាន ៦ពិន្ទុពី២ប្រកួតបន្តគ្រប់គ្រងកំពូលតារាងដដែល៕