(ទីរ៉ាណា)៖ ការប្រកួតវគ្គជម្រុះពូល I ក្រុមតោកំណាចអង់គ្លេស បន្តរកបានជ័យជម្នះសម្រាប់ការប្រកួតលើកទី២ ដោយយកឈ្នះក្រុមអាល់បានី ២-០ ដែលជាការស៊ុតបានសម្រេចរបស់ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Harry Kane និងខ្សែបម្រើ Mason Mount នៃវគ្គជម្រុះប្រចាំតំបន់អឺរ៉ុប នៃការប្រជែងឡើងទៅ World Cup 2022 ដែលមានប្រទេសកាតាជាម្ចាស់ផ្ទះ។

ក្រុមតោកំណាចអង់គ្លេស ក្រោមការបង្វឹករបស់លោក Gareth Southgate បានចំណាយពេលយ៉ាងស្វិតស្វាញមុនឈានទៅរកបានគ្រាប់ទី១ នៅនាទី៣៨ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Harry Kane មកពីក្លិប Tottenham Hotspur និងបន្តរកបាន ១គ្រាប់ទៀតដោយខ្សែបម្រើ Mason Mount នៅនាទី៦៣ ដែលជាជ័យជម្នះទី២ បន្ទាប់ពីប្រកួតបើឆាកបំបាក់ក្រុមសាំងម៉ារ៉ាំង ៥-០។

បច្ចុប្បន្នអង់គ្លេស កំពុងឈរកំពូលតារាងមាន ៦ពិន្ទុបណ្តោះអាសន្នដែលតាមពីក្រោយដោយប៉ូឡូញ ឈរលេខ២ មាន ៤ពិន្ទុបន្ទាប់ពីយកឈ្នះអង់ដូរ៉ា ៣-០ ស្មើជាមួយហុងគ្រី ដែលបានយកឈ្នះសាំងម៉ារ៉ាំង ៣-០ ផងដែរ ខណៈ ១គ្រាប់របស់ Harry Kane បានធ្វើឲ្យរូបគេរកបាន ៣៣គ្រាប់ឲ្យក្រុមតោកំណាចអង់គ្លេស គិតចាប់តាំងពីបានបង្ហាញខ្លួនរយៈពេល ៧ឆ្នាំមកនេះ៕