(ភ្នំពេញ)៖ «ខ្ញុំនឹងទទួលខុសត្រូវលើគ្រប់បញ្ហាដែលកើតមានឡើង បើទោះបីមានភាពលំបាក ស្មុកស្មាញយ៉ាងណាក៏ដោយ»។ នេះគឺជាសម្ដីលោក Ryu Hirose គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងលោកជំនួសកៅអីលោក Felix G.Dalmas កាលពីថ្មីៗ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលទទួលបានការទុកចិត្តពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្លាយជាគ្រូបង្វឹករបស់ក្រុមគោព្រៃកម្ពុជា ហើយលោកនឹងលះបង់គ្រប់បែបយ៉ាង ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ក្រុមឆ្ពោះទៅរកភាពខ្លាំងលើឆាកអន្ដរជាតិ។

លោក Ryu Hirose បានបន្ដថា «ចាប់ពីពេលនេះតទៅ ខ្ញុំនឹងលះបង់ខ្លួនប្រាណ ឆន្ទៈរបស់ខ្ញុំ និងយកបទពិសោធ ដែលបានពីអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្ញុំទាំងប៉ុន្មាន ដើម្បីជួយបណ្ដុះបណ្ដាលឲ្យកីឡាករមានការអភិវឌ្ឍ រីកចម្រើនទៅមុខ និងកសាងក្រុមមួយដែលខ្លាំង សម្រាប់ប្រកួតប្រជែងជាមួយក្រុមនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ»

គួរដឹងថា គ្រូបង្វឹកវ័យ ៦៥ឆ្នាំរូបនេះ ត្រូវពួតដៃជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជា រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ប៉ុន្ដែភារកិច្ចចំពោះមុខ លោកត្រូវជ្រើសរើសកីឡាករប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួត ៣ប្រកួតចុងក្រោយ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២ ពូល C នៅប្រទេសបារ៉ែន នាខែមិថុនាខាងមុខ៕